កាលពីវេលាម៉ោង ២០និង៣០នាទី ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ មានករណីហិង្សា បង្កឡើងដោយក្មេងទំនើង០១ក្រុម មានគ្នា ០៩នាក់ មធ្យោបាយម៉ូតូ ០៤គ្រឿង បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើ ជនរងគ្រោះបណ្ដាលឲ្យរងរបួសចំកែងដៃខាងឆ្វេង នៅចំណុច ហាងកាហ្វេយីហោស្លូកាហ្វេ តាមបណ្ដោយផ្លូវលេខ៦០៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទន្ទឹមនឹងនោះក៏ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលកំពុងល្បាតនៅទីនោះ បានចុះមកអន្ដរាគមន៍ចាប់ខ្លួនជនសង្ស័យជាក្មេងទំនើងបានម្នាក់ ឈ្មោះ ថាន់ ចិន្ដាឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ រហូតមដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្តសហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ធ្វើការចាប់ខ្លួន ចំនួន០៥នាក់បន្ថែមទៀត រួមមាន៖ ១- ឈ្មោះ ផល លីហួ ភេទប្រុស អាយុ១៧ឆ្នាំ, ២- ឈ្មោះ ថន រ័ត្នរិទ្ធិយ៉ា ភេទប្រុស អាយុ១៧ឆ្នាំ, ៣- ឈ្មោះ បូ កែវវាសនា ភេទប្រុស អាយុ១៩ឆ្នាំ, ៤- ឈ្មោះ នី វិសាល ភេទប្រុស ឆ្នាំកំណើត ២០០៧ ជនជាតិខ្មែរ មុខរបរ សិស្ស ស្រុកកំណើត ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ន សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ, ៥- ឈ្មោះ ចាប ថៃ ភេទប្រុស អាយុ១៨ឆ្នាំ បញ្ជូនទៅការិយាល័យជំនាញ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ក្រោមវិធានការជំនាញក្មេងទំនើងទាំង០៦នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាដូចការរៀបរាប់ខាងលើ ប្រាកដមែន។
ក្មេងទំនើងទាំង០៦នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលមានពាក់ព័ន្ធក្នុងអំពើហិង្សាខាងលើ ហើយកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕
