ផ្សាយចេញពីក្រុងសំពៅពូន ខេត្តកំពង់ធំ÷ រថយន្តសាំងយ៉ុងពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AJ-6632 ផ្ទុកពេញដោយឈើ ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ធំ ចុះធ្វើការស្ទាក់ហត់ចង់បាន នៅចំណុចភូមិចុងពូត្រាវ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីម៉ោង ២.២៣នាទី កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីលោក តាន់ គឹមសួរ ប្រធានសមាគមយុវជនស្រលាញ់ធម្មជាតិ និងក្រោមបទបញ្ជាឯកឧត្តម អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ។
យោងតាមការលើកឡើងពីមហាជនបានបង្ហើបថា រថយន្តដឹកឈើខាងលើនេះតែងតែធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើជារៀងរាល់ថ្ងៃ តាមផ្លូវលេខ៦២ ស្រុករវៀង ខេត្តព្រះវិហារ យកមកលក់និងចែកចាយនៅខេត្តកំពង់ធំ យ៉ាងសកម្មជារៀងរាល់ថ្ងៃ ដោយបើកកាត់ស្នាក់ការចាំយាមជាច្រើនកន្លែង មានទាំងស្នាក់ការរដ្ឋបាលព្រៃឈើ បរិស្ថាន កងរាជអាវុធហត្ថ ដោយពុំមានការរំខានទៅដល់សមត្ថកិច្ចមន្ត្រីជំនាញនៅតាមដងផ្លូវនោះឡើយ បើទោះបីជាបច្ចុប្បន្នប្រទេសជាតិកំពុងតែមានភាពវឹកវរ និងរងការឈ្លានពានពីប្រទេសជិតខាងយ៉ាងណាក៏ដោយ ។
ទើបមកដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ រថយន្តខាងលើ ត្រូវបានអស់ល័ក្ខ និងត្រូវបណ្តាសាព្រៃឈើ ខណៈសប្បាយភ្លេចខ្លួនហ៊ានដឹកឈើទាំងកណ្តាលថ្ងៃចែស ក៏ប្រទះលោក តាន់ គឹមសួរ រាយការណ៍ទៅសមត្ថកិច្ចឃាត់ចាប់បានតែម្តង។
