រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញឱ្យមន្ត្រីព័ត៌មាន និងសាធារណមតិ
ផ្សព្វផ្សាយពីសមិទ្ធផលដែលអាជ្ញាធរសម្រេចបាន ដើម្បីពង្រឹងការយល់ដឹងដល់ពលរដ្ឋ
និងទប់ស្កាត់ការបំភ្លៃព័ត៌មានខុសពីការពិតរបស់ក្រុមជ្រុលនិយម
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
បានជំរុញឱ្យក្រុមការងារព័ត៌មាន និងសាធារណមតិ រួមជាមួយអ្នកសារព័ត៌មានទាំងអស់
រួមគ្នាផ្សព្វផ្សាយពីសមិទ្ធផលនានារបស់អាជ្ញាធរខេត្តដែលសម្រេចបានឱ្យបានទូលំទូលាយ
ដើម្បីបញ្ជ្រាប ពង្រឹងការយល់ដឹងដល់ប្រជាពលរដ្ឋ និងទប់ស្កាត់ ឆ្លើយតប
បំភ័ន្ត បំភ្លៃព័ត៌មានខុសពីការពិតរបស់ក្រុមប្រឆាំងជ្រុលនិយម។
ការជំរុញបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា
បានធ្វើឡើងនៅក្នុងឱកាសដែលលោករដ្ឋមន្ត្រី និងលោក ខូយ រីដា
អភិបាលខេត្តពោធិ៍សាត់ រួមជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន
បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ
និងជាប់កិច្ចសន្យានៃមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី១៤ ខែមករា
ឆ្នាំ២០២៥នេះ នាទីស្នាក់ការទូរទស្សន៍ជាតិកម្ពុជា ខេត្តពោធិ៍សាត់។
បន្ថែមពីការផ្សព្វផ្សាយព័ត៌មានរបស់មន្ត្រីព័ត៌មាន
និងក្រុមការងារសាធារណមតិ, លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន
ក៏ណែនាំដល់អាជ្ញាធរខេត្ត
ព្រមទាំងមន្ត្រីនៅតាមមូលដ្ឋាននានាត្រូវចូលរួមផ្តល់កិច្ចសហការជាមួយមន្ទីរព័ត៌មានខេត្ត
ផ្តល់នូវលទ្ធផលសកម្មភាពការងារ ដែលខ្លួនសម្រេចបានដើម្បីឱ្យមន្ទីរ
មានប្រភពគ្រប់គ្រាន់ ក្នុងការផ្សព្វផ្សាយព័ត៌មាន ដែលមានខ្លឹមសារល្អ
គ្រប់ជ្រុងជ្រោយ សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋជាដើម។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានគូសបញ្ជាក់ពីភាពចាំបាច់
និងសារៈសំខាន់នៃការងារគ្រប់គ្រងការងារសតិអារម្មណ៍មិនមែនត្រឹមជាការក្តាប់ស្ថានសភាពការណ៍ប៉ុណ្ណោះទេ
តែក៏ជាការជំរុញឱ្យមានការយល់ដឹងត្រឹមត្រូវ
និងវិជ្ជមានចំពោះការផ្សព្វផ្សាយពីសភាពការណ៍ជាតិ-អន្តរជាតិ
ជូនដល់ដៃប្រជាពលរដ្ឋឱ្យបានយល់ច្បាស់ពីដំណើរការវិវត្តន៍នានានៅក្នុងសង្គមកម្ពុជា។
នៅក្នុងដំណើរការរីកចម្រើនបច្ចេកវិទ្យាឌីជីថល ការផ្លាស់ប្តូរផ្នត់គំនិត
និងឥរិយាបថរបស់ប្រជាពលរដ្ឋក្នុងការទទួលព័ត៌មាន
កាន់តែស្រួចស្រាវលើបញ្ហាសតិអារម្មណ៍ ខណៈបច្ចុប្បន្ននេះ
ប្រជាពលរដ្ឋមានជម្រើសច្រើនក្នុងទទួលបានព័ត៌មាន
ប្រសិនបើប្រព័ន្ធផ្សព្វផ្សាយផលិតព័ត៌មាន ដែលគ្មានខ្លឹមសារ គ្មានការទាក់ទាញ
ផលិតព័ត៌មានដែលមិនឆ្លើយតបនឹងតម្រូវការរបស់ពួកគាត់ ចំណង់ចំណូលចិត្ត
ឬផ្តល់ចំណេះដឹងនោះពួកគាត់នឹងងាកទៅប្រើប្រាស់បណ្តាញសង្គម Facebook និង
TikTok ព្រមទាំងបណ្តាញសង្គមផ្សេងទៀតដើម្បីទទួលបានព័ត៌មានជាដើម។
លោករដ្ឋមន្ត្រីបានឱ្យដឹងថា បច្ចុប្បន្ននេះ បណ្តាញសង្គម Facebook និង
TikTok គឺជាមូលដ្ឋានដ៏ធំនៃប្រភពព័ត៌មានដ៏សម្បូរបែបរបស់ប្រជាពលរដ្ឋ។
គ្រាន់តែគណនី Facebook នៅកម្ពុជា គឺមានចំនួន ១៥លានគណនី ហើយ TikTok
គឺមានជាង១០លានគណនី ដូច្នេះ នៅក្នុង១ថ្ងៃៗ មានខ្លឹមសាររាប់លានខ្លឹមសារ
ត្រូវបានចែកចាយនៅក្នុងបណ្តាញទំនាក់ទំនងសង្គមក្នុងប្រទេសកម្ពុជា។
ត្រង់ចំណុចនេះវាក៏ជាឱកាសរបស់ក្រុមជនទុច្ចរិតក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមនេះ
ដើម្បីបំភ្លៃ បំភ្លើស បំភ័ន្ត បំប៉ោងទៅលើសាធារណមតិឱ្យយល់ច្រឡំ
ឬបង្កើតការសង្ស័យ ហើយការឱ្យមានការសង្ស័យ ឬមន្ទិលលើរាជរដ្ឋាភិបាល
គឺជាយុទ្ធសាស្ត្ររបស់ក្រុមប្រឆាំងដែលតែងតែប្រើប្រាស់។
























