ខេត្តកណ្តាល៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលបានបញ្ជាក់ថា៖ការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនេះឡើង គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការអនុវត្តយ៉ាងត្រឹមត្រូវនូវលក្ខន្តិកៈរបស់សមាគមដែលជា“នីតិបុគ្គល” តំណាងឱ្យសម្លេង និងជាអ្នកការពារផលប្រយោជន៍រួមរបស់ក្រុមប្រឹក្សាក្រុង ស្រុក និងឃុំ សង្កាត់ទាំងអស់ ក្នុងខេត្តកណ្តាល ព្រមទាំងជាអ្នកអភិវឌ្ឍសមត្ថភាព និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ដែលនឹងរួមចំណែកលើកកម្ពស់គុណភាព នៃជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចតាមបែប ប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបន្តថា៖គោលបំណងនៃការបង្កើតសមាគមរដ្ឋបាលថ្នាក់ក្រោមជាតិនេះ គឺបង្កើតជានីតិបុគ្គល ធ្វើជាតំណាងឱ្យក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលជាសមាជិករបស់ខ្លួន សំដៅការពារផលប្រយោជន៍រួមរបស់ សមាជិក ជំរុញកិច្ចសហប្រតិបត្តិការរវាងសមាជិក ការអភិវឌ្ឍសមត្ថភាព និងលទ្ធភាពសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវមុខងារ និងធនធានស្របតាមច្បាប់ សម្រាប់សមាជិករបស់ខ្លួន តាមរយៈការចូលរួមក្នុងដំណើរការតស៊ូ មតិការពិភាក្សា ពិគ្រោះយោបល់លើការរៀបចំគោលនយោបាយច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធផ្សេងៗ របស់ក្រសួង ស្ថាប័ននៅថ្នាក់ជាតិ។
ឯកឧត្តមបានបន្ថែមថា៖ ដើម្បីសម្រេចបាននូវសមិទ្ធផល ដែលបានកំណត់ក្នុងទស្សនវិស័យនៃកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ២០២១-២០៣០ គឺតែងតែមានការចូលរួមពិភាក្សា ពិគ្រោះយោបល់ជាមួយរដ្ឋបាលខេត្ត រួមទាំងវេទិការាជរដ្ឋាភិបាលផងដែរ។ ក្នុងន័យនេះ ក្រុមប្រឹក្សាខេត្តកណ្តាល តំណាងឱ្យរដ្ឋបាលខេត្ត បានទទួលស្គាល់ និងតែងតែគាំទ្រ ជានិច្ចនូវការបំពេញបេសកកម្មរបស់ សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកណ្តាល ក្នុងការកសាងសមត្ថភាព ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីក្លាយជាស្ថាប័ន តំណាងពិតប្រាកដរបស់ពលរដ្ឋ និងឆ្លើយតបចំពោះសេចក្តីត្រូវការនានា របស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាសនោះដែរឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងាររបស់ថ្នាក់ដឹកនាំសមាគម ដោយនាំមកនូវ សមិទ្ធផលចម្បងៗមានដូចជា វគ្គបណ្តុះបណ្តាល វេទិកាពង្រឹងតួនាទី ភារកិច្ច ចុះរៀបចំ កិច្ចប្រជុំ ចុះប្រឹក្សាយោបល់ និងប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំសាខាក្រុង ស្រុក ទាំង១៣ ជូនដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ស្របតាមគោលបំណង និង ទិសដៅរបស់សមាគម ក្នុងការលើកកម្ពស់ឋានៈ និង សមត្ថភាពរបស់ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ និងបានលើកទឹកចិត្តដល់ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាសមាគម និងអ្នកពាក់ព័ន្ធដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនេះ សូមយកចិត្តទុកដាក់ស្តាប់ និងចូលរួមពិភាក្សា ផ្តល់យោបល់ ដើម្បីឱ្យសមាគមបំពេញតួនាទីឱ្យកាន់តែសកម្ម ប្រកបដោយឯករាជ្យភាព ស័ក្តិសមជាអង្គការ ដៃគូក្នុងការតស៊ូ មតិ ពិភាក្សា និងផ្តល់យោបល់ដល់ស្ថាប័ន ពាក់ព័ន្ធ ក្នុងការការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់។
លោក គង់ ឆេង ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល បានបញ្ជាក់ថា៖កិច្ចប្រជុំក្រុមប្រឹក្សា និង គណៈកម្មាធិការប្រតិបត្តិលើកទី២ អាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល (ហៅកាត់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកណ្តាល) ដែលនឹងប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញ ក្នុងគោលបំណងវាយតម្លៃសមិទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦។
លោកបានបន្តថា៖ សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកណ្តាល ត្រូវបានបង្កើតឡើងក្នុងគោលបំណង៖
លើកកម្ពស់ឋានៈ និងអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ក្នុង ខេត្តកណ្តាល
-ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក -កសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋ និងជម្រុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ គិតមកដល់ខែកុម្ភៈ ឆ្នាំ២០២៦ នេះ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល មានអាយុកាលជិត ២០ ឆ្នាំហើយ។ ជាមួយគ្នានោះ តាមរយៈផែនការអនុវត្តប្រាំឆ្នាំទី១ ឆ្នាំ២០២១-២០២៥(ផអ៣ទី១) នៃវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) រាជរដ្ឋាភិបាលនៅតែផ្តោតការយក ចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ការចូលរួមរបស់សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ នៅក្នុងដំណើរការកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនៅកម្ពុជា។
លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការជឿជាក់ និងការជឿទុកចិត្តក្នុងការដឹកនាំសមាគមសម្រាប់អាណត្តិទី៤នេះ។ ក្នុងរយៈកាលជាងពីរឆ្នាំកន្លងទៅនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ បានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការពង្រឹងស្ថាប័នសមាគម ឱ្យក្លាយជាអង្គការដ៏គួរឱ្យជឿទុក ដើម្បីធានាដល់ការលើកកម្ពស់ “ភាពជាតំណាង” ឱ្យក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តកណ្តាល យើងនេះ ដើម្បីផ្តល់ការគាំទ្រ ការការពារ និងបម្រើផលប្រយោជន៍ស្របច្បាប់របស់សមាជិក៕
