ខេត្តកណ្តាល៖ មានប្រសាសន៍ក្នុងពិធីបិទកិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិសមាគម លើកទី២ អាណត្តិទី៤ ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា៖ សមាគមក្រុមប្រឹក្សាគឺមានសារៈសំខាន់ណាស់ក្នុងមូលដ្ឋានលើការអប់រំផ្សព្វផ្សាយ ដើម្បីអោយប្រជាពល រដ្ឋចូលរួមសហការផ្តោតលើការទប់ស្កាត់ និងការពារមិនឱ្យបទល្មើសកើតមាន។ ដូច្នេះវិធានការអប់រំ និងការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមរាយការណ៍ព័ត៌មាន គឺជាគន្លឹះសំខាន់ក្នុងការរក្សាសន្តិសុខនៅមូលដ្ឋាន។
ឯកឧត្តមអភិបាលខេត្តបានបន្តថា៖ អាជ្ញាធរខេត្តបានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តវិធានការបង្ក្រាបសកម្មភាព Scam Online ស្របតាមការណែនាំ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ត្រូវបានចាត់វិធានការយ៉ាងតឹងរ៉ឹង និងស្ទើរតែបិទបញ្ចប់ទាំងស្រុង។ ទោះយ៉ាងណាអាជ្ញាធរនៅតែបន្តតាមដានយ៉ាងជិតស្និទ្ធ ដើម្បីទប់ស្កាត់ការជ្រកកោនតាមលំនៅឋាន ឬខុនដូតូចៗនៅតាមមូលដ្ឋាន។
ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ អាជ្ញាធរខេត្តកណ្តាល បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយសមត្ថកិច្ច រាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងការស្នាក់នៅប្រមូលផ្តុំមិនប្រក្រតី ដើម្បីរួមចំណែករក្សាសន្តិសុខ និងមុខមាត់ល្អរបស់ខេត្ត និងប្រទេសជាតិទាំងមូល។ជាមួយគ្នានេះដែរ ខេត្តនឹងបន្តពង្រឹងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖ សមាគមក្រុមប្រឹក្សា មានតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសមត្ថភាព សមាជិក ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ តាមរយៈការបណ្តុះបណ្តាល និងការចែករំលែក បទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីត្រៀមខ្លួនរួចជាស្រេច ទទួលយកការផ្ទេរមុខងារ មករដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាបានចូលរួមចំណែកយ៉ាងសកម្មក្នុងកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ប្រកបដោយហេតុផល និងភ័ស្តុតាងជាក់លាក់។
ឯកឧត្តមអភិបាលខេត្តបានអំពាវនាវនឹងក្រើនរំលឹក ដល់លោក លោកស្រី ជាប្រធានក្រុមប្រឹក្សាក្រុង ស្រុក មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និង សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ សូមបន្តពង្រឹងស្មារតីទទួលខុសត្រូវ និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបម្រើប្រជាពលរដ្ឋ។ ក្នុងនោះដើម្បីប្រសិទ្ធភាពការងារ ដែលយើងត្រូវយកចិត្តទុកដាក់អនុវត្ត និងដោះស្រាយឱ្យបានល្អបំផុត នៅក្នុងឆ្នាំ២០២៦ នេះ ដែលរួមមានជាអាទិ៍៖ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»៖ ត្រូវយកចិត្ត ទុកដាក់ខ្ពស់ក្នុងការបំផុសចលនាប្រជាការពារ សហការឱ្យបានស្អិតរមួតជាមួយ គណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច ដើម្បីដោះស្រាយលើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសការបង្ក្រាប ល្បែងស៊ីសងខុសច្បាប់ ការជួញដូរនិងប្រើប្រាស់គ្រឿងញៀន និងក្មេងទំនើង ដែលជាកង្វល់ដ៏ធំរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោក គង់ ឆេង ប្រធានសមាគមក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល បានបញ្ជាក់ថា៖ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល បង្កើតឡើងកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០០៦ មានសមាជិកចូលរួមចំនួន ១៤៧ឃុំ គិតជានិតិបុគ្គល នៃនិតិសាធារណៈ (ឃុំ០១ គិតជា សមាជិក០១) មានឈ្មោះថាសមាគមក្រុមប្រឹក្សាឃុំ ខេត្តកណ្តាល។ ដល់ឆ្នាំ២០០៧ រាជរដ្ឋាភិបាល បានកាត់ឃុំចំនួន ២០ឃុំ បញ្ចូលទៅក្រុងភ្នំពេញ។ ហេតុនេះសមាគមនៅសល់សមាជិកត្រឹមតែ ១២៧ឃុំ។ ដល់ឆ្នាំ២០១០ រាជរដ្ឋាភិបាលកំណត់តាមបណ្តាលខេត្ត ត្រូវបង្កើតឱ្យមានក្រុងខេត្តកណ្តាល យកស្រុកតាខ្មៅ ធ្វើជាក្រុងតាខ្មៅ ក្រោមក្រុងតាខ្មៅគឺមានរដ្ឋបាលសង្កាត់ចំនួន ០៦។ ហេតុនេះ
សមាគមត្រូវប្តូរឈ្មោះដាក់ថាសមាគម ឃុំ សង្កាត់ ខេត្តកណ្តាល។
លោកបន្តថា៖ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល ជាសមាគមដែលរាជរដ្ឋាភិបាលជាអ្នកផ្តួចផ្តើមបង្កើតឡើង ហើយសមាគមនេះប្រើប្រាស់ថវិការដ្ឋ។ មិនមានផលប្រយោជន៍ផ្ទាល់សម្រាប់ សមាជិកក្រុមប្រឹក្សាម្នាក់ៗនោះទេ បង្កើតឡើងដើម្បីជួយក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ឱ្យមានសមត្ថភាព និងលទ្ធិភាពបំពេញការងារជូនជាតិ និងប្រជាជន។
