ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បន្តរាល់សកម្មភាព ខិតខំដោះស្រាយរាល់ទុក្ខលំបាក និងសំណូមពរនានារបស់ពលរដ្ឋ ដោយកុំខ្លាចការនឿយហត់ ដែលនេះគឺជាការឆ្លុះបញ្ចាំងពីការបន្តមរតកនយោបាយដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាល ក្នុងការតម្កល់ផលប្រយោជន៍រាស្ត្រជាធំ និងមិនប្រែប្រួលតាំងពីដើមរាងមករហូតដល់បច្ចុប្បន្ន។
ការថ្លែងជំរុញនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីពីធីសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់នៃយន្តការចុះមូលដ្ឋានតាមរយៈការរៀបចំវេទិកាសាធារណៈ ដែលក្នុងឆ្នាំ២០២៥កន្លងទៅ សម្រេចបានរហូតដល់ ២៨៦លើក ព្រមទាំងទទួលបានសំណើ និងសំណូមពរ ចំនួន ១.៩១៥ករណី។ អ្វីដែលជាការកត់សម្គាល់ និងជាក្តីមោទន ក្នុងចំណោមសំណើរ និងសំណូមពរទាំងនោះ គឺបានដោះស្រាយបញ្ចប់ដោយជោគជ័យ ចំនួន ១.១៣៨ករណី ដែលស្មើនឹង ៥៩,៤៣%។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានគូសបញ្ជាក់ថា ភាពជោគជ័យនេះគឺជាសក្ខីភាពដ៏រឹងមាំ ដែលបញ្ជាក់ឱ្យឃើញពីសន្ទុះ នៃជំនឿទុកចិត្តយ៉ាងជ្រាលជ្រៅរបស់ប្រជាពលរដ្ឋ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសដ៏វិសេសវិសាលនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ប្រមុខក្រសួងមហាផ្ទៃ ក៏បានសម្តែងនូវការកោតសរសើរ និងលើកទឹកចិត្តចំពោះរដ្ឋបាលខេត្តព្រៃវែង ក្រោមការដឹកនាំប្រកបដោយសកម្មភាព និការទទួលខុសត្រូវខ្ពស់របស់ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ដែលបានខិតខំជំរុញការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋទូទាំងខេត្ត បានយ៉ាងរលូន ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។
ក្នុងមនោសញ្ចេតនាដ៏កក់ក្តៅ ឯកឧត្តមអភិសន្តិបណ្ឌិត ប្រមុខក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ខេត្តព្រៃវវែង ជាខេត្តគំរូនៃស្មារតីសាមគ្គីជាតិ តាមរយៈសកម្មភាពមនុស្សធម៌ដ៏សកម្ម ក្នុងការគាំទ្រដល់យុទ្ធជនជួរមុខ ដែលជាមោទនភាពបំផុត តាមរយៈការកៀរគររៃអង្គាស និងការបង្កើតមូលនិធិសនានា រដ្ឋបាលខេត្តប្រមូលថវិកា បានរហូតទៅដល់ជិត ១លានដុល្លារអាមេរិក ដែលនេះជាតួលេខដ៏ច្រើនលើសលុប ហើយបានឆ្លុះបញ្ចាំងពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះវីរៈយុទ្ធជន។ បន្ថែមពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានកោតសរសើរចំពោះយន្តការទទួល និងការយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ដែលមានស្រុកកំណើតក្នុងខេត្តព្រៃវែង ដោយរដ្ឋបាលខេត្ត មិនត្រឹមតែផ្តល់ការឧបត្ថម្ភភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានខិតខំជ្រោមជ្រែងស្វែងរកឱកាសការងារឱ្យធ្វើ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់ឱ្យមានភាពល្អប្រសើរឡើងវិញផងដែរ។
ទន្ទឹមនឹងការបង្ហាញពីសមិទ្ធផលសម្រេចបានរបស់ក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ប្រមុខក្រសួងមហាផ្ទៃ ក៏បានគូសបញ្ជាក់ដោយក្តីមោទនភាពនូវសន្ទុះនៃការអភិវឌ្ឍវិស័យអប់រំក្នុងខេត្តព្រៃវែង ដែលសម្រេចបានការសាងសង់សាលាមត្តេយ្យស្តង់ដាររហូតដល់ ២១ខ្នង ព្រមទាំងការប្រើប្រាស់ថវិកាមនុស្សធម៌ សរុបជាង ២០ប៊ីលានរៀល។ ឯកឧត្តម បានចាត់ទុកកិច្ចខិតខំប្រឹងប្រែងនេះថាជា ការសាបព្រួសគ្រាប់ពូជនៃបញ្ញាញាណ ចាប់តាំងពីកម្រិតបឋមវ័យ ដើម្បីជាគ្រឹះដ៏រឹងមាំក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាព រហូតដល់ពេញវ័យ ដែលនឹងក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់អភិវឌ្ឍសង្គមជាតិទាំងមូល នាពេលអនាគត។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់យ៉ាងច្បាស់ថា ឆ្នាំនេះ ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង នឹងត្រូវរៀបចំឡើងក្នុងលក្ខណៈសន្សំសំចៃបំផុត ដោយកាត់បន្ថយថវិកាចំនួន ៥០% បើធៀបនឹងឆ្នាំមុន។ ការសម្រេចចិត្តនេះ ធ្វើឡើងក្នុងស្មារតីយោគយល់ និងសាមគ្គីភាព ខណៈដែលប្រទេសជាតិ កំពុងស្ថិតក្នុងកាលៈទេសៈដ៏មានសារៈសំខាន់ ដែលកងកម្លាំងប្រដាប់អាវុធយើង កំពុងឈរជើងការពារបូរណភាពទឹកដីយ៉ាងស្វាហាប់ ហើយបងប្អូនជនភៀសសឹកមួយចំនួន ក៏មិនទាន់បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញនៅឡើយ។ នេះគឺជាការបង្ហាញពីការចេះរំលែកទុក្ខលំបាក និងការតម្កល់ប្រយោជន៍ជាតិជាធំ ជាងការសប្បាយរីករាយផ្ទាល់ខ្លួន។
ពីវេទិកាអធិបតី មុននឹងបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង បន្តសកម្មភាពផ្សព្វផ្សាយរាល់គោលនយោបាយ យុទ្ធសាស្ត្រ និងលទ្ធផលការងារឱ្យដល់មូលដ្ឋាន ព្រមទាំងខិតខំប្រមូល និងដោះស្រាយរាល់សំណើ សំណូមពររបស់ពលរដ្ឋ ឱ្យបានទាន់ពេល ពិសេសត្រូវជំរុញកិច្ចការងារវាស់វែងផ្តល់ប្លង់ដីកម្មសិទ្ធិ និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដោយត្រូវលុបបំបាត់ឱ្យអស់នូវបញ្ហាគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ៕
