«ការរីកចម្រើននៃទីក្រុង នឹងចូលរួមចំណែកយ៉ាងសំខាន់ទៅដល់ការអភិវឌ្ឍ វិស័យទេសចរណ៍ ដោយហេតុថា ទីក្រុងគឺជាបណ្ដុំនៃការរស់នៅ ការសម្រាកលម្ហែសកម្មភាពទេសចរណ៍ ពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយ និងវប្បធម៌ជាដើម»។ នេះជាការគូសបញ្ជាក់របស់សម្ដេចធិបតី។
ក្នុងសារលិខិត អបអរទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត»ដែលបង្ហោះក្នុងបណ្ដាញសង្គម នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ភាពជោគជ័យនៃវិស័យទេសចរណ៍ ក៏នឹងចូលរួមដល់ការអភិវឌ្ឍទីក្រុងផងដែរ តាមរយៈកាលានុវត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគគំរូថ្មីនៃការអភិវឌ្ឍនគរូបនីយកម្ម ការអភិរក្ស បេតិកភណ្ឌទីក្រុង ការគិតគូរពីនិរន្តរភាពបរិស្ថាន ភាពស្អាត និងបៃតង ការកសាងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ ចាំបាច់នានា បម្រើដល់តម្រូវការរបស់ភ្ញៀវទេសចរជាដើម ដែលទាំងនេះនឹងជួយជំរុញឱ្យទីក្រុងកាន់តែមានភាពរស់រវើក មានឧត្តមភាពសម្រាប់ការរស់នៅ ការប្រកបធុរកិច្ច និងការទស្សនាកម្សាន្ត។
ក្នុងន័យនេះ ការរៀបចំ នគរូបនីយកម្ម និងការអភិវឌ្ឍទីក្រុង ត្រូវមានការយកចិត្តទុកដាក់លើភាពស្អាត បៃតង បរិស្ថានល្អ ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់តាមគ្រប់រូបភាព មានការធានាសន្តិសុខសុវត្ថិភាព ទំនើបកម្ម និងនវានុវត្តន៍ ការលើកកម្ពស់សុខុមាលភាព សង្គម ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ ប្រកបដោយភាពរួសរាយរាក់ទាក់ ក៏ដូចជាត្រូវរៀបចំ ថែរក្សា និងលើកស្ទួយ វប្បធម៌ ប្រពៃណី ទំនៀមទំទម្លាប់ និងបេតិកភណ្ឌទីក្រុង ដែលជាភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
ឈរលើស្មារតីនេះ ដើម្បីឆ្លើយតបនឹងប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត» ក្នុងនាមរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្ដេចធិបតី បានប្តេជ្ញាបន្តតាមគំរូវីរភាពរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តស្តារ លើកស្ទួយ និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែរីកចម្រើន បន្ថែមទៀត។
សូមជម្រាបជូនថា ការប្រារព្ធទិវាជាតិទីក្រុងស្អាតឆ្នាំនេះ ធ្វើឡើងដើម្បីបំផុសលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ ពិសេសយុវជន ឱ្យបន្តចូលរួម ឱ្យកាន់តែសកម្ម និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ និងភាពកក់ក្តៅ ជាពិសេសការបន្តនិរន្តរភាពទីក្រុងស្អាត សំដៅរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន៕ដោយ៖ គង់ សិរីរ័ត្ន