ផ្ដួចផ្ដើមបង្កើតឡើងដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងសម័យកូវីដ-១៩ កាលពីឆ្នាំ២០២១ ឥឡូវនេះ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ហៅកាត់ថា ក.យ.គ. ដែលមានឯកឧត្តម ស សុខា ជាប្រធាន មានអាយុ៥ឆ្នាំហើយ។ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ក.យ.គ. បានរៀបចំពិធីបើកសន្និបាតប្រចាំឆ្នាំ លើកទី៥ ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ស សុខា ខណៈពិធីបិទនឹងប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក.។
រយៈពេល៥ឆ្នាំមកនេះ ឯកឧត្តម ស សុខា បានវាយតម្លៃប្រកបដោយក្ដីសោមនស្ស ចំពោះផ្លែផ្កាដែល ក.យ.គ. សម្រេចបានក្រោមមាគ៌ាដឹកនាំរបស់ ស.ស.យ.ក. ជាអាទិ៍ ការរៀបចំរចនាសម្ព័ន្ធ និងថ្នាក់ដឹកនាំ និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានសិក្សាពី ១១៤គ្រឹះស្ថាន នៅឆ្នាំ២០២១ កើនដល់ ១៤៥គ្រឹះស្ថាន នៅឆ្នាំ២០២៥ ខណៈចំនួនសមាជិកបានកើនឡើងពី ២ ០៤៣នាក់ ដល់ ២ ៦២៨នាក់ នៅឆ្នាំ២០២៥ ដោយមានវិសាលភាពគ្រប់គ្រង និងបណ្ដុះបណ្ដាលសិស្ស និងនិស្សិតតាមគ្រឹះស្ថានសិក្សា សរុបជាង ២សែននាក់។
បើតាមឯកឧត្តម ស សុខា គិតត្រឹមដំណាច់ឆ្នាំ២០២៥ ក.យ.គ. បានផ្សព្វផ្សាយ និងសម្របសម្រួលផ្ដល់អាហារូបករណ៍ដល់យុវជនជាច្រើនពាន់កន្លែង ចុះឈ្មោះសមាជិកក្នុងប្រព័ន្ធ UYFC App ប្រមាណ ៨ម៉ឺននាក់ រៀបចំនិងចូលរួមសកម្មភាពលើកតម្កើងកិត្តិនាមនិងអត្តសញ្ញាណជាតិ ចំនួន ៣១១សកម្មភាព មានយុវជនចូលរួមប្រមាណ ១សែននាក់ បណ្ដុះបណ្ដាលនិងអភិវឌ្ឍសមត្ថភាពយុវជនបាន ២៦៣សកម្មភាព មានសិស្សនិងនិស្សិតចូលរួមជាង ៦ម៉ឺននាក់ ចូលរួមជាមួយអាជ្ញាធរ ៣៦៩សកម្មភាព មានយុវជនចូលរួមជិត៣ម៉ឺននាក់ និងរៀបចំសកម្មភាពលើកកម្ពស់សុខភាព និងវិស័យកីឡាបាន១១៦សកម្មភាព មានយុវជន សិស្ស និស្សិតចូលរួមជាង ១ម៉ឺន ៦ពាន់នាក់។
សម្រាប់មួយឆ្នាំចុងក្រោយនេះវិញ បើតាមរបាយការណ៍ ឯកឧត្តមសាស្ត្រាចារ្យ សេង ផល្លី ជាអនុប្រធានអចិន្ត្រៃយ៍ ក.យ.គ. ក្នុងឆ្នាំ២០២៥ ក.យ.គ. បានអនុវត្តផែនការសកម្មភាពសម្រេចបានជាង ៨៥% និងថាលទ្ធផលនេះ ជាសក្ខីភាពបង្ហាញអំពីការខិតខំប្រឹងប្រែង និងប្រសិទ្ធភាពនៃការដឹកនាំ ការគ្រប់គ្រង ដោយមានការចូលរួមយ៉ាងសកម្មរបស់យុវជន ដូចជា៖ ការប្រមូលផ្ដុំ និងអភិវឌ្ឍសមត្ថភាពយុវជន ការលើកកម្ពស់សន្តិភាព និងស្មារតីស្នេហាជាតិ ការអភិវឌ្ឍជំនាញឆ្លើយតបទីផ្សារការងារ ការជំរុញសហគ្រិនភាព និងនវានុវត្តន៍ និងការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពឌីជីថល ដើម្បីការពារយុវជនពីហានិភ័យបទល្មើសបច្ចេកវិទ្យា និងព័ត៌មានក្លែងក្លាយ។
សូមបញ្ជាក់ថា សន្និបាតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃនេះ ប្រព្រឹត្តទៅដោយមានបទបង្ហាញលើប្រធានបទសំខាន់ៗ រួមមាន៖ ១. ការលើកកម្ពស់ការយល់ដឹងរបស់យុវជន ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២. យុវជនក្នុងកាតព្វកិច្ចការពារជាតិ រក្សាសន្តិភាព ស្ថិរភាពននយោបាយ និងជំរុញវឌ្ឍនភាពជាតិ ៣. ការចូលរួមរបស់យុវជនក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុកបង្ហាញអំពីមនសិការស្នេហាជាតិ ៤. ការលើកកម្ពស់សមត្ថភាពសហគ្រិនភាពរបស់យុវជន និង៥. ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងបណ្ដុះគំនិតនវានុវត្តន៍របស់យុវជន។ អង្គសន្និបាតនឹងទទួលបានមតិដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមប្រធាន ស.ស.យ.ក. ក្នុងពិធីបិទសន្និបាតនៅពេលរសៀល៕
