ខេត្តកណ្ដាល រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យលោកជំទាវ ស្រ៊ុន ស្រីនាង ហេរញ្ញិកគណៈកម្មាធិការសាខា ដឹកនាំប្រតិភូសាខា និងអនុសាខា ស្រុកពញាឮ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសពជនរងគ្រោះស្លាប់ដោយករណីលង់ទឹកចំនួន ២គ្រួសារ នៅឃុំផ្សារដែក និងឃុំវិហារលួង និងមួយគ្រួសារទៀតរងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះ នៅក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោកជំទាវ ស្រ៊ុន ស្រីនាង ក្នុងនាមឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិកាសាខា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងការចូលរួមសំដែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយនឹងក្រុមគ្រួសារសពជនរងគ្រោះទាំង២ ក៏ដូចគ្រួសាររងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះដោយក្តីក្តុកក្តួលក្រៃលែង។
លោកជំទាវបានបញ្ជាក់ថា អំណោយដែលសាខា បាននាំមកផ្តល់ជូនបងប្អូនគ្រួសារជនរងគ្រោះនាឱកាសនេះ គឺពុំបានប្រកាន់នូវពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ជាមួយគ្នានេះលោកជំទាវ ក៏បានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំក្រៃលែងជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃទាំងបី ជួយនាំដួងវិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សម្ភារអំណោយដែលប្រតិភូសាខា បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះលង់ទឹក ២គ្រួសារ រួមមាន៖ អង្ករ ៥០គីឡូក្រាម ,មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអុីវ ១យួរ ទឹកសុទ្ធ ១កេស ត្រីខ ១យួរ និងថវិកាចំនួន ៥០០,០០០រៀល (ហាសិបម៉ឺនរៀល) និងគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះរួមមាន អង្ករ ៥០គីឡូក្រាម ,មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអុីវ ១យួរ ទឹកសុទ្ធ ១កេស ត្រីខ ១យួរ ឃីត១កញ្ចប់ សម្ភារៈផ្ទះបាយ១ឈុត កៅស៊ូតង់១ និងថវិកាចំនួន ៥០០,០០០រៀល (ហាសិបម៉ឺនរៀល)ផងដែរ។
ចុងក្រោយប្រតិភូសាខាបានបន្តចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ចំនួន ៣០ម៉ឺនរៀល និងសម្ភារសិក្សាមួយចំនួនទៀត ជូនកុមារកំព្រា ១នាក់ រស់នៅជាមួយនឹងជីដូនដែលមានជីវភាពក្រីក្រ ត្រូវម្តាយស្លាប់ចោលតាំងយូរមកហើយ នៅក្នុងភូមិបឹងក្តុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល៕
