សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងអំណរគុណជាអនេកចំពោះប្រជាជន រដ្ឋាភិបាល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលបានរួមចំណែកឈានមុខដល់ការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ តាមរយៈការផ្តល់ឥណទាន ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេសជាច្រើនដល់កម្ពុជា រួមទាំងការទទួលយកពលករកម្ពុជាជាច្រើនទៅបម្រើការងារនៅប្រទេសជប៉ុនក្នុងលក្ខខណ្ឌមួយយ៉ាងល្អប្រសើរគួរជាទីគាប់ចិត្ត។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្នុងក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន៥ផ្សេងទៀត នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ជាក់ស្តែងគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀងនេះ គឺជាហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនក្នុងទំហំទឹកប្រាក់ ៣៩៨៦លានយ៉េន ឬប្រមាណ ៣០,៦លានដុល្លារអាម៉េរិកសម្រាប់សាងសង់ស្ថានីយបូមទឹកឆៅរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី និងបណ្តាញទឹកស្អាតដែលនឹងបង្កើនសមត្ថភាព ផលិតទឹកស្អាតចំនួន៩.៨០០ម៉ែត្រគូបក្នុងមួយថ្ងៃដល់ប្រព័ន្ធផលិតទឹកស្អាតខេត្តសា្វយរៀង និងធ្វើឱ្យសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសម្រាប់រដ្ឋាករទឹកស្វាយរៀង កើនឡើងដល់២២.៦០០ម៉ែត្រគូបក្នុងមួយថ្ងៃ។
សម្តេចធិបតី នាយករដ្ឋមន្ត្រីបានបន្តថា ជាមួយនឹងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី និងគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែមនៅខេត្តចំនួន៥ រដ្ឋាករទឹកស្វាយរៀងនឹងមានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតបានពេញលេញក្នុងដែនសេវារបស់ខ្លួនទាំងមូល ខណៈដែលខត្តស្វាយរៀងនឹងបានទទួលគម្រោងវិនិយោគលើវិស័យទឹកស្អាតបន្ថែមទៀតក្រោមហិរញ្ញប្បទានសម្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលនឹងរួមចំណែកដល់ការកែលម្អបរិយាកាសធុរកិច្ច និងការទាក់ទាញវិនិយោគ លើកកម្ពស់សុខុមាលភាពសាធារណៈ និងការបង្កើនការប្រកួតប្រជែងរបស់ខេត្តស្វាយរៀង ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ដោយសារការរីកចម្រើននៃឧស្សាហកម្ម ពាណិជ្ជកម្ម និងការកើនឡើងនៃការវិនិយោគក្រៅប្រទេស ទោះបីជាការរីកចម្រើននេះនាំមកនូវបញ្ហាប្រឈមមួយចំនួន ការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះពិតជាបានជួយសម្រួលដល់ការដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រជាពលរដ្ឋ ធុរកិច្ច និងវិនិយោគិន។
សម្តេចបានបន្ថែមថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និងគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន៥ផ្សេងទៀតនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សហគមន៍ និងផ្នែកសុខភាពដល់សាធារណៈ បរិស្ថាន តាមរយៈការកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ និងការការពារបរិស្ថាន សំដៅចូលរួមលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
សូមជម្រាបជូនថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង ត្រូវបានសាងសង់ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ជាមួយទុនវិនិយោគសរុបប្រមាណ៣០,៦លានដុល្លារអាម៉េរិក។ រោងចក្រថ្មីនេះមានសមត្ថភាពផលិតទឹកស្អាតប្រមាណ ៦.៨០០ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលបង្កើនសមត្ថភាពផលិតរបស់រដ្ឋាករទឹកស្វាយរៀងដល់២២.៦០០ម៉ែត្រគូបក្នុងមួយថ្ងៃ ពង្រីកបណ្តាញចែកចាយទឹកស្អាតប្រវែង១១០ គីឡូម៉ែត្រ និងបង្កើនសេវាទឹកស្អាតជូន៧.៣៧៨គ្រួសារបន្ថែមទៀត រួមទាំងពលរដ្ឋងាយរងគ្រោះចំនួន ៣៧៥គ្រួសារផងដែរ ដែលវាអនុញ្ញាតឱ្យរដ្ឋាករទឹកស្វាយរៀងមានលទ្ធភាពផ្តល់សេវាទឹកស្អាតពេញលេញសម្រាប់ពលរដ្ឋក្នុងក្រុងស្វាយរៀងទាំងមូល និងពង្រីកអត្រាគ្របដណ្តប់ក្នុងតំបន់សេវារបស់ខ្លួន រួមមាន ក្រុងស្វាយរៀង និងឃុំចំនួន៥ នៃស្រុកស្វាយជ្រំពី៣២% ទៅ៥៨%៕ ដោយ៖ ចាន់ សុភឿន
