នៅវេលាម៉ោង ២២:៥៥នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីហិង្សាដោយចេតនា បង្កឡើងដោយក្រុមក្មេងទំនើងចំនួន០២ក្រុម ប្រដាប់ដោយកាំបិតបុ័ងតោ និងដំបងដែកទីប
បានធ្វើសកម្មភាពវាយកាប់គ្នាទៅវិញទៅមកបណ្តាលអោយរងរបួសទាំងសងខាង នៅចំណុចមុខផ្សារទំនើបជីបម៉ុង២៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ ឈានដល់ការឃាត់ខ្លួនក្មេងទំនើងទាំង០២ភាគីបានសរុបចំនួន ០៨នាក់ បញ្ជូនទៅការិយាល័យជំនាញ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ វត្ថុតាងចាប់យក ៖ ម៉ូតូ០១គ្រឿងម៉ាកហុងដា ស្កូពី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1KH-4857, បំពង់ទីបដែក ០១ដើម និងកាំបិតប៉័ងតោ ០១ដើម រួមនឹងសម្ភារៈមួយចំនួនទៀត។
ក្រោមវិធានការជំនាញក្មេងទំនើងទាំង០៨នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាដូចការរៀបរាប់ខាងលើ ប្រាកដមែន។
ក្មេងទំនើងទាំង០៨នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
