AKP កំពត ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០-លោកឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការយោធភូមិភាគទី៣ បានបញ្ជាក់ថា ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នឹងផ្តល់សមិទ្ធផលដ៏ថ្មីសន្លាងមួយទៀត នៅតំបន់ ប្រតិបត្តិការសឹករងកំពត សម្រាប់យោធាស្នាក់នៅ។
ការលើកឡើងបែបនេះ របស់លោកឧត្តមសេនីយ៍ឯក យឿង សុខុន ក្នុងឱកាសចូលរួម ក្នុងពិធីក្រុងពលីចុះបឋមសិលា បើកការដ្ឋានសាងសង់អគារស្នាក់នៅរបស់យោធា នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពត កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដោយពិធីនេះក៏មានការចូលរួមពីសំណាក់ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ឧកញ៉ា វិញ ហ៊ួរ លោកមេបញ្ជាការ នាយទាហាន ពលទាហាន ជាច្រើនរូបទៀត។
សូមបញ្ជាក់ថា អគារស្នាក់នៅរបស់យោធានេះ ជាសមិទ្ធផលថ្មីមួយទៀត នៅក្នុង ចំណោមសមិទ្ធផលជាច្រើន សម្រាប់តំបន់ប្រតិបត្តិការសឹករងកំពត ដែលជាអំណោយ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក៕

ដោយ ប្រាក់ លាង
