រដ្ឋមន្ត្រី នេត្រ ភក្រ្តា៖ ការពង្រឹង
និងដាក់ចេញផែនការបណ្តុះបណ្តាលធនធានមនុស្សជំនាញក្នុងវិស័យព័ត៌មាន
ដើម្បីឆ្លើយតបតាមការវិវឌ្ឍនៃបច្ចេកវិទ្យា ធានាប្រសិទ្ធភាពការងារព័ត៌មាន
និងសោតទស្សន៍នៅកម្ពុជា
(ភ្នំពេញ)៖ លោក នេត្រ ភក្រ្តា
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៥នេះ
ក្រសួងព័ត៌មានបានដាក់ចេញផែនការបណ្តុះបណ្តាលធនធានមនុស្សចំនួនជាង ៨០វគ្គ
ដើម្បីដើរឱ្យស្របជាមួយការវិវឌ្ឍនៃបច្ចេកវិទ្យា ការវិវឌ្ឍនៃសង្គម
និងតម្រូវការធនធានមនុស្សជំនាញក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា
ចំពោះកិច្ចការងារបណ្តុះបណ្តាលធនធានមនុស្សធ្វើឡើងដើម្បីឆ្ពោះទៅពង្រឹងសមត្ថភាពស្ថាប័ន
និងលើកកម្ពស់ប្រសិទ្ធភាពការងារប្រកបដោយប្រសិទ្ធភាពខ្ពស់តាមរយៈការដាក់ចេញនូវផែនការអភិវឌ្ឍមូលធនមនុស្សដែលក្រសួងព័ត៌មាន
បាននឹងកំពុងអនុវត្តមិនត្រឹមតែជួយជំរុញការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស្របតាមការវិវត្តនៃសង្គមជាតិ
និងបច្ចេកវិទ្យាប៉ុណ្ណោះទេ
ហើយវាក៏ជាការរៀបចំនូវកម្លាំងបន្តវេនប្រកបដោយបុរេសកម្ម សកម្ម
និងធានាបាននូវប្រសិទ្ធភាពការងារផងដែរ។
ការឱ្យដឹងបែបនេះរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន
បានធ្វើឡើងក្នុងឱកាសដែលលោករួមជាមួយលោកស្រី Ulku Kocaefe
ឯកអគ្គរដ្ឋទូតតួកគីយេ ប្រចាំកម្ពុជា
អញ្ជើញបិទវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីក្រសួងព័ត៌មានស្តីពី
«ការរាយការណ៍ព័ត៌មានលើបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល»
សហការរៀបចំដោយក្រសួងព័ត៌មាន និងស្ថានទូតតួកគីយ៉េ
ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីគ្រូបង្គោល
និងគ្រូសម្របសម្រួលមកពីទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគីយ៉េ
(TIKA) និងសាជីវកម្មនិងទូរទស្សន៍តួកគីយ៉េ (TRT) នៅថ្ងៃទី២១ ខែកុម្ភៈ
ឆ្នាំ២០២៥នេះ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន
មានមុខងារស្នូលដែលមានភារកិច្ចដឹកនាំគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍
នៅកម្ពុជា ហើយចំពោះមុខងារគាំទ្រ
ក្រសួងព័ត៌មានក៏ជាក្រសួងមួយដែលជួយគាំទ្រទៅលើស្ថាប័នដទៃទៀត។
ដូច្នេះដើម្បីពង្រឹងតួនាទីរបស់ក្រសួងព័ត៌មាន
ដែលជាអ្នកផ្តល់ការគាំទ្រទៅលើក្រសួង
ស្ថាប័នដទៃនោះគឺត្រូវចាប់ផ្តើមដំបូងពីការពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការរបស់ខ្លួនឯងជាមុនសិនតាមរយៈការបណ្តុះបណ្តាលដល់មន្ត្រីអោយកាន់តែមានសមត្ថភាពបន្ថែមទៀត
ទៅលើការអនុវត្តកិច្ចការងារប្រចាំថ្ងៃ។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រី
បានបញ្ជាក់ដល់មន្ត្រីព័ត៌មានឱ្យបានយល់ច្បាស់ថា «ការធ្វើព័ត៌មាន
មិនមែនត្រឹមតែធ្វើព័ត៌មានឱ្យតែបាននោះទេ មិនមែនទៅយកព័ត៌មានផ្សព្វផ្សាយ
ហើយសរសេរព័ត៌មានត្រឹមតែឃើញនោះទេ ក៏ប៉ុន្តែ
ការសរសេរព័ត៌មានរបស់យើងគឺចាំបាច់ណាស់ដែលត្រូវដាក់ជាសំណួរថាតើយើងសរសេរព័ត៌មានដើម្បីអ្វី?
តើមានគោលបំណងអ្វី? តើមានផលប្រយោជន៍អ្វីសម្រាប់អ្នកអាន អ្នកស្តាប់របស់យើង?
អ្វីដែលសំខាន់ទៀតនោះ នៅពេលដែលយើងផ្សាយចេញទៅវាមានផលវិជ្ជមាន
និងអវិជ្ជមានអ្វីខ្លះនៅក្នុងការងារព័ត៌មាន និងគ្រប់គ្រងសាធារណមតិរបស់យើង»។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា នៅក្នុងពេលបច្ចុប្បន្ននេះ
ពេលដែលប្រព័ន្ធទំនាក់ទំនងសង្គមកំពុងរីកចម្រើន ចិត្តគំនិតរបស់ប្រជាជន
ផ្លាស់ប្តូរទៅតាមពេលវេលា តាមប្រធានបទ និងទៅតាមបរិបទដែលកើតឡើង។
ដូច្នេះក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ត្រូវផ្សាយព័ត៌មានពិត
ត្រឹមត្រូវទៅដល់ប្រជាពលរដ្ឋ ក្នុងការគិតពិចារណា
និងការទទួលយកការយល់ដឹងជុំវិញបញ្ហាដែលកើតមានឡើង ដើម្បីកុំឱ្យប្រជាជនចាញ់បោក
ឬការបោកប្រាស់តាមរយៈការផ្សាយព័ត៌មានដែលមិនត្រឹមត្រូវពាក់ព័ន្ធជាមួយប្រទេសជាតិ
និងបញ្ហាដទៃផ្សេងទៀត។
លោករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់លទ្ធផលដែលទទួលបានពិតជាមានសារៈសំខាន់ណាស់ដល់សិក្ខាកាមទាំងអស់
ដែលបាននឹងកំពុងបម្រើការងារនៅក្នុងវិស័យព័ត៌មាន និងសោតទស្សន៍។
ជាពិសេសវគ្គនេះនឹងរួមចំណែកក្នុងការពង្រឹងសមត្ថភាពរបស់សិក្ខាកាមឱ្យក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាព
គុណភាព និងទេពកោសល្យខ្ពស់។ ជាមួយនេះលោកសូមថ្លែងអំណរគុណដល់ស្ថានទូតតួកគីយេ
ប្រចាំកម្ពុជា ដែលមានលោកស្រី Ulku Kocaefe ជាតំណាង
ក៏ដូចជាទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគីយេ និងសាជីវកម្ម
និងទូរទស្សន៍តួកគីយេ ដែលបានសហការ
និងគាំទ្រដល់ដំណើរការរៀបចំវគ្គបណ្តុះបណ្តាលនេះ តាំងពីដើមរហូតដល់ចប់វគ្គ
ហើយក៏សូមអរគុណដល់គ្រូបង្គោល និងគ្រូសម្របសម្រួលទាំងអស់
ដែលបានចំណាយពេលវេលាក្នុងការចែករំលែកចំណេះដឹង
និងជំនាញដល់សិក្ខាកាមឱ្យទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗបន្ថែមទៀត។
លោកស្រីឯកអគ្គរដ្ឋទូតតួកគីយេប្រចាំកម្ពុជា
បានសំដែងនូវការរីករាយណាស់ដែលបាឃើញអំពីលទ្ធផលវិជ្ជមានជាច្រើនដែលកើតចេញពីការបណ្តុះបណ្តាលនាឱកាសនេះ
ហើយមានសារៈសំខាន់សម្រាប់ភាគីទាំងសងខាង តួកគីយេ និងកម្ពុជា។
តាមរយៈនៃវគ្គបណ្តុះបណ្តាលដំបូងនេះគឺជាការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ
ហើយជាការត្រួសត្រាយផ្លូវសម្រាប់គម្រោងរួមគ្នាកាន់តែច្រើន
និងទំនាក់ទំនងកាន់តែច្រើនរវាងមន្ត្រីអ្នកសារព័ត៌មាន
និងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសទាំងពីរ
ពិសេសជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងប្រព័ន្ធផ្សព្វផ្សាយតួកគីយេ
និងកម្ពុជា ។
លោក កៅ អុីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានឱ្យដឹថា
វគ្គបណ្តុះបណ្តាលស្តីពី «ការរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម
និងប្រពន្ធ័ផ្សព្វផ្សាយឌីជីថលកម្ពុជា» បានប្រព្រឹត្តិធ្វើឡើងដោយជោគជ័យ
ហើយបានផ្តល់នូវចំណេះដឹងថ្មី
និងជំនាញដល់សិក្ខាកាមដែលបានទទួលការបណ្តុះបណ្តាលនិងចែករម្លែកបទពិសិធន៍ពីគ្រូបង្គោលពី
TRT ក្នុងរយៈពេល៤ ថ្ងៃកន្លងទៅ
ជូនដល់សិក្ខាកាមជាមន្ត្រីរាជការក្រសួងព័ត៌មានចំនួន ៥៦រូប។
ជាការកត់សម្គាល់ដែរថា
វគ្គបណ្តុះបណ្តាលនេះបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា
រវាងក្រសួងព័ត៌មាន និងស្ថានទូតទួកគីយេ ប្រចាំព្រះរាជាណាចក្រកម្ពុជា
ដោយមានអ្នកសម្របសម្រួល និងគ្រូបង្គោលដែលមានបទពិសោធន៍និងជំនាញ មកពីTRT
ជាមួយនឹងការជួយគាំទ្រថវិកាពី TIKA
បានធ្វើឱ្យវគ្គបណ្តុះបណ្តាលទទួលបាននូវលទ្ធផលល្អជោគជ័យគួរជាទីគាប់ចិត្ត៕
























