
ខេត្តកំពង់ធំ ÷ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីក្រុមការងារអ្នកសារព័ត៌មាន ថាមានឈើមូលប្រមាណជាង១០ដើម នៅចំណុចត្រពាំងប្រិស៍ ភូមិទំអរ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ លោក អៀ គឹមឈៀត នាយសង្កាត់រដ្ឋបាលព្រៃឈើទំរីង សហការជាមួយកម្លាំងបញ្ជាការស្រាលខេត្តកំពង់ធំ បានចុះបង្ក្រាបឈើប្រមាណជាង១០ដុំ នៅចំណុចត្រពាំងប្រិស៍ ភូមិទំអរ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលក្រុមរទេះក្របីបានចូលទៅកាប់នៅក្នុងព្រៃសហគមន៍សុចិត្រ និងដឹកជញ្ជូនយកមកចាំង ដើម្បីត្រៀមដឹកចេញយកទៅលក់។រាល់វត្ថុតាងកម្លាំងជំនាញប្រមូលយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើទំរីង ចាត់ការតាមនិតិវិធីបន្ត។នេះមិនមែនជាករណីទីមួយនោះទេ ដែលកម្លាំងបញ្ជាការស្រាល ដឹកនាំដោយឯកឧត្តម សោម ស៊ុន និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តកំពង់ធំ បានចុះបង្ក្រាបនិងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិដែលកើតមានឡើងក្នុងភូមិសាស្ត្រនៃខេត្តកំពង់ធំ យ៉ាងសស្រាក់សស្រាំ ដោយមានការយកចិត្តទុកដាក់ និងអនុវត្តក្រោមបទបញ្ជារ និងការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល និងប្រមុខថ្នាក់ដឹកនាំ ពិសេសឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំជាប្រធាន៕




