រសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ រដ្ឋបាលថ្នាក់ក្រោមជាតិ និងក្នុងនាមអង្គសន្និបាតទាំងមូល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែឆ្លៀតឱកាសដ៏មមាញឹកក្នុងភារកិច្ចបម្រើប្រទេសជាតិ និងប្រជាជន អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ របស់ក្រសួងមហាផ្ទៃ ដើម្បីផ្តល់អនុសាសន៍ដឹកនាំ ណែនាំតម្រង់ទិសដល់យើងខ្ញុំទាំងអស់គ្នា ក្នុងការបំពេញតួនាទីភារកិច្ច ប្រកបដោយប្រសិទ្ធភាព។
ជាមួយគ្នានេះ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ ដែលអញ្ជើញចូលរួមជាគណៈអធិបតី និងភ្ញៀវកិត្តិយស ក៏ដូចជាអង្គសន្និបាតទាំងមូល ដែលបានអញ្ជើញចូលរួមសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ។
យើងខ្ញុំសូមគោរពជូនពរបវរមហាប្រសើរជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមមានសុខភាពល្អបរិបូណ៌ និងសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិកម្ពុជា ឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្តទៀត។
ជាមួយគ្នានេះដែរ ក៏សូមជូនពរដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គណៈអធិបតី ភ្ញៀវកិត្តិយស និងអង្គសន្និបាតទាំងអស់ សូមបានជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
