ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងអបអរសាទរចំពោះសិស្សានុសិស្សដែលទទួលបាននិទ្ទេស A ចំនួន ៤៦រូប ឆ្នាំសិក្សា២០២៤-២០២៥ ចំនួន ៤៦នាក់ ទូទាំងខេត្តក្រចេះ។
ពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីលោក សរ ចំរុង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ ប្រធានក្រុមការងារទាំង ៧ក្រុង ស្រុក ក្នុងខេត្តក្រចេះ ព្រមទាំង មាតាបិតា អាណាព្យាបាល។
បើតាមលោក ធាម ហេង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តក្រចេះ បានឱ្យដឹងថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ មានបេក្ខជនមកប្រឡងសរុប ២ ៥៩៣នាក់ ស្រី ១៤៤៦នាក់, បេក្ខជនប្រឡងជាប់សរុប ២ ១ ៥១នាក់ ស្រី ១ ២៥១នាក់, ភាគរយប្រឡងជាប់សរុប ៨២.៩៥% ស្រី ៨៦.៥១%។ ចំពោះសិស្សជាប់និទ្ទេស A ៤៦នាក់ ស្រី ២៧នាក់។
ថ្លែងក្នុងពិធីសំណេះសំណាលនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសម្តែងនូវការកោតសរសើរ និងអបអរសាទរចំពោះសិស្សនិទ្ទេស A ទាំង ៤៦នាក់ ក្នុងខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងសិក្សា រហូតទទួលបានលទ្ធផលល្អប្រសើរ ជាគំរូដ៏ល្អសម្រាប់យុវជនកម្ពុជា និងលើកទឹកចិត្តឱ្យសិស្សានុសិស្សទាំងអស់បន្តការសិក្សាបានកាន់តែខ្ពស់ បណ្តុះបណ្តាលជំនាញ និងសីលធម៌ ដើម្បីក្លាយជាធនធានមនុស្សមានគុណភាព សម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប្រកបដោយគតិបណ្ឌិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សជាប់និទ្ទេស A និងអ្នកបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិទាំងអស់ ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែមទៀតនៅកម្រិតឧត្តមសិក្សា និងជ្រើសរើសយកជំនាញដែលខ្លួនពេញចិត្តនិងតាមឧប្បនិស័យដើម្បីក្លាយខ្លួនជាធនធានមនុស្សប្រកបដោយសមត្ថភាព គុណភាព និងសីលធម៌ចូលរួមក្នុងការបម្រើសង្គមជាតិ ជាពិសេសត្រូវចងចាំ និងអប់រំតៗគ្នា ត្រូវធ្វើយ៉ាងណាចៀសឱ្យឆ្ងាយ កុំប្រើប្រាស់គ្រឿងញៀន នាំឱ្យខូចសុខភាព ប្រព័ន្ធប្រាសាទ និងខូចអនាគត។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា សិស្សានុសិស្សដែលប្រឡងជាប់ និងជោគជ័យក្នុងការសិក្សាមិនមែនត្រឹមតែបង្ហាញពីភាពជោគជ័យសម្រាប់ជីវិតផ្ទាល់ខ្លួននោះទេ ប៉ុន្តែបាននាំមកនូវមោទកភាព និងកិត្តិយសសម្រាប់ក្រុមគ្រួសារ ឪពុកម្តាយ និងកេរ្តិ៍ឈ្មោះដល់សាលារៀន និងស្រុកកំណើតរបស់ខ្លួនថែមទៀត។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ការកសាងធនធានមនុស្សជាកត្តាសំខាន់នាពេលអនាគត។ លោកក៏បង្ហាញក្ដីសង្ឃឹមថាក្មួយៗនឹងខិតខំជម្នះរាល់ឧបសគ្គ ដើម្បីកសាងខ្លួនឱ្យសាកសមជាប្រជាពលរដ្ឋល្អ ជានិស្សិតល្អ ដោយខិតខំប្រឹងប្រែងរៀនសូត្រ។
ជាការលើកទឹកចិត្តដល់សិស្សានុសិស្សដែលជាប់និទ្ទេស A ទាំង ៤៦នាក់ មកពីខេត្តក្រចេះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានផ្តល់ជូនក្នុងម្នាក់ៗ ទទួលបានកាតាប១ កាស១ ដបទឹក១ ជាអំណោយរបស់ក្រុមហ៊ុន Yako Technology (Cambodia) Co.,Ltd។ ជាមួយនេះ លោករដ្ឋមន្ត្រី និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ បានផ្តល់ជូននូវថវិកាក្នុងម្នាក់ៗ ២០០ដុល្លារអាមេរិកផងដែរ៕
