សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាព្រឹទ្ធសភានៃកម្ពុជា នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានទទូចឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរលុបចោលសេចក្តីជូនដំណឹង ពាក់ព័ន្ធនឹងការផ្អាកកីឡាករប្រដាល់គុនខ្មែរពីររូបមិនឱ្យចូលរួមការប្រកួតរយៈពេល៦ខែ។
សម្តេច បានបញ្ជាក់ថា ការចេញសេចក្តីជូនដំណឹងនេះ អាចទាក់ទងជាមួយកិត្តិយសជាតិផង និងវិធីដោះស្រាយបញ្ហារបៀបរបបនៃការងារផ្ទៃក្នុងសហព័ន្ធផង។
ការទទូចខាងលើ បានធ្វើឡើងក្រោយការផ្ទុះការវែកញែកលើរឿងសហព័ន្ធកីឡាប្រដាល់គុនខ្មែរហាមឃាត់កីឡាករ២រូប មិនឲ្យប្រកួតរយៈពេល៦ខែក្នុងពេលកីឡាករទាំងពីររូបកំពុងត្រៀមប្រកួតនៅក្រៅប្រទេស។
តាមសម្តេចតេជោ បានបញ្ជាក់ថាការដោះស្រាយផ្សេងទៀតរង់ចាំឲ្យកីឡាករទាំងពីររូប និងគណៈប្រតិភូវិល ចូលប្រទេសវិញចាំពិភាក្សាដោះស្រាយជាក្រោយដោយស្មារតីសាមគ្គីភាពនិងការយោគយល់គ្នា៕ ប្រភពពីក្រសួងព័ត៌មាន ដោយ៖ កន ចំណាន
