រយៈកាលកន្លងមក អាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ជាច្រើនកន្លែង ព្រមទាំងបានដកហូតវត្ថុតាងចម្រុះ រាប់សិបម៉ឺនគ្រឿង ស្របតាមបទបញ្ជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការ ហាមឃាត់ដាច់ខាត មិនឲ្យនាំចូល ចែកចាយ ផ្សាយពាណិជ្ជកម្ម ប្រើប្រាស់ កាន់កាប់ ផលិត និងស្តុកទុក ចំពោះឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ។
ដោយការគាំទ្រ មហាជនក៏ដូចជាមាតាបិតាអាណាព្យាបាលយុវជនដែលកំពុងឋិតក្នុងវ័យសិក្សាជាច្រើន តែងសហការផ្តល់ព័ត៌មាន ដល់អាវុធហត្ថរាជធានីភ្នំពេញ ជាហូរហែ ដើម្បីឈានទៅធ្វើការបង្ក្រាប។ ជាក់ស្តែងទីតាំងមួយកន្លែងមានឈ្មោះ អេលីម៉ាត នៅចំណុចភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ត្រូវបានគេរាយការណ៍ថា បានដំណើរការ លក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមីឡើងវិញ បន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញ ធ្លាប់បានបង្ក្រាបម្តងហើយកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦។ ក្រោយទទួលបានពត៌មាន កម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ បានចាត់វិធានការចុះបង្ក្រាបសារជាថ្មី ស្រាប់តែរកឃើញករណីគួរឲ្យភ្ញាក់ផ្អើលផ្សេងមួយទៀតកើតឡើង នោះគឺ មានជនសង្ស័យ០១ក្រុម បានដើរតួជាសមត្ថកិច្ចអាវុធហត្ថនិងជាអ្នកកាសែត ទៅធ្វើការបញ្ចុះបញ្ចូលម្ចាស់ទីតាំងលើ ឲ្យបើកលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមីឡើងវិញធម្មតា ជាថ្នូរនឹងទឹកប្រាក់៥៦០០ដុល្លារអាមេរិក ព្រមទាំងធានាមិនធ្វើការបង្ក្រាប និងមិនធ្វើការបង្ហោះផ្សព្វផ្សាយលើបណ្តាញសង្គម។ ដោយដឹងថាចាញ់បោកជនសង្ស័យ ម្ចាស់ទីតាំងបានសហការណ៍ជាមួយ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបក្ខពួកក្រុមជនសង្ស័យបានចំនួន០៣នាក់ មានឈ្មោះ ១- ឈ្មោះ ព្រំ សៅសំណាង ភេទប្រុស អាយុ២២ឆ្នាំ, ២- ឈ្មោះ អ៊ុំ វិសាល ភេទប្រុសអាយុ២៣ឆ្នាំ, ៣- ឈ្មោះ អ៊ុយ សុខហេង ភេទប្រុស អាយុ២១ឆ្នាំ។ ក្រោមវិធានការជំនាញជនសង្ស័យទាំង០៣នាក់ បានសារភាពថា ពួកខ្លួន និងបក្ខពួកម្នាក់ទៀតឈ្មោះ ថោល វណ្ណថុន (គេចខ្លួន) ពិតជាបានបានដើរតួជាសមត្ថកិច្ចអាវុធហត្ថនិងជាអ្នកកាសែត ប្រព្រឹត្តសកម្មភាពបញ្ចុះបញ្ចូលនិងកំហែងយកប្រាក់ពី ម្ចាស់ទីតាំងខាងលើ ពិតប្រាកដមែន។
ជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត។
ជាមួយបទពិសោធន៍នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវដល់មហាជនទូទៅ បើបានដឹងឬជួបករណីដូចខាងលើ សូមរាយការណ៍ទៅកាន់អាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ឬ ទាក់ទងតាមបណ្តាញ Telegram, WhatsApp, CoolApp ដែលមានលេខ 031 5555 669 ឬអាចឆាតទៅកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie ជាបន្ទាន់៕
