លោក ហ៊ុន ម៉ានី បានរម្លឹកពីការយកជីវិតធ្វើដើមទុន របស់សម្តេចតេជោ ហ៊ុន សែន កាលពី៤៤ឆ្នាំមុន ដើម្បីស្រោចស្រង់អាយុជីវិត ប្រជាជន និងប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
នៅលើហ្វេសប៊ុកលោកបានសរសេរថា កាលពី៤៤ឆ្នាំមុន ពេលវេលានេះ ជាពេលវេលាដ៏ឈឺចាប់ និងជូរចត់រកអ្វីប្រៀបផ្ទឹមពុំបាន ដែលបុរសម្នាក់ត្រូវ ធ្វើការសម្រេចចិត្តដ៏លំបាកបំផុតក្នុងការចេញដំណើរទៅធ្វើបេសកកម្មមួយដែលបានស្រោចស្រង់អាយុជីវិតប្រជាជន និងប្រទេសពីក្រញ៉ាំនៃរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ គឺនៅពេលនោះហើយ ដែលបុរសម្នាក់នោះត្រូវទុកប្រពន្ធ និងកូនជាទីស្រលាញ់ស្មើកែវភ្នែក និងបេះដូងដែលមិនទាន់បានឃើញពន្លឺថ្ងៃផង ដើម្បីទៅស្វែងរកការសង្គ្រោះជាតិនៅក្នុងកាលៈទេសៈ និងភាពប្រថុយប្រថាន ខ្ពស់បំផុត។
ការចាប់ផ្តើមដំណើរឆ្ពោះទៅការសង្គ្រោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី២០ ខែមិថុនា ១៩៧៧ គឺជាការចាប់ផ្តើមនៃចលនាតស៊ូមួយគួបផ្សំនឹងចលនា តស៊ូនានាដើម្បីផ្តួលរំលំក្រុមខ្មែរក្រហម និងបញ្ចប់ការកាប់សម្លាប់ ប្រល័យពូជ សាសន៍ ទារុណកម្ម និងរបបទាសភាពហើយផ្តល់ជូនប្រជាជនមកវិញនូវការរស់រាន មានជីវិតសារជាថ្មី ជីវភាពថ្លៃថ្នូរព្រមទាំងដំណើរស្វែងរកសន្តិភាពយូរអង្វែងមួយ។
លោកបន្តថា ក្នុងការចងចាំនេះ គឺបានបង្កប់នូវអនុស្សាវរីយ៍ជាច្រើនសម្រាប់ សម្តេចតេជោក្នុងនាមជាបុគ្គលផ្ទាល់ ដែលបានឆ្លងកាត់នូវពេលវេលាដ៏លំបាក និងអាក្រក់បំផុតក្នុងជីវិតរបស់លោក។ ការឈឺចាប់សែនវេទនានេះ កាន់តែធ្វើឱ្យ លោកពិបាកទ្វេដងក្នុងការខាំមាត់សង្កត់ចិត្ត អត់ទ្រាំនឹងទង្វើដ៏ព្រៃផ្សៃទាំងឡាយ ដែលខ្លួនលោកផ្ទាល់និងគ្រួសារដែលជាជនរងគ្រោះមួយក្នុងចំណោមក្រុមគ្រួសារ រាប់លានផ្សេងទៀត បានជួបប្រទះ ដើម្បីផ្តោតស្រួចឆ្ពោះទៅការផ្តួលរលំរបប ឃោរឃៅមួយនេះ និងស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ និងប្រជាជនជាទី ស្រលាញ់ដ៏ជ្រាលជ្រៅបំផុតរបស់លោក។
ដោយសារការតាំងចិត្ត លះបង់ខ្ពស់ និងភាពវៃឆ្លាតក្នុងការក្តាប់សភាពការណ៍ ទាំងក្នុង និងក្រៅប្រទេស ទើបបេសកកម្មដ៏សែនគ្រោះថ្នាក់ និងស្ទើរតែគ្មានសង្ឃឹម ពីពេលចាប់ផ្តើម បានប្រែក្លាយទៅជាចលនារំដោះជាតិមាតុភូមិដែលបាននាំ មកនូវការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ថ្ងៃ២ ធ្នូ ១៩៧៨ និងដែលនាំ ទៅដល់ជ័យជម្នះដ៏ត្រចះត្រចង់ នាថ្ងៃ៧ មករា ១៩៧៩។ ផ្តើមចេញពីថ្ងៃ២០ មិថុនា ១៩៧៧ នោះហើយ ដែលដំណើរកម្ពុជាបានចាប់ផ្តើមវិលកង់ក្នុងជំហានស្វាហាប់ និងក្នុងតម្រាយផ្លូវភ្លឺស្វាងក្នុងការបង្របង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី ប្រែក្លាយកម្ពុជាពីគំនរផេះផង់ និងភាពខ្ទេចខ្ទាំ ឆ្ពោះទៅរកកោះសន្តិភាព វឌ្ឍនភាព និងវិបុលភាព ពីមួយថ្ងៃទៅមួយថ្ងៃ។ អ្វីៗដែល យើងបានឃើញ និងកំពុងរស់នៅ ក្នុងសព្វថ្ងៃ គឺកើតចេញពីការសម្រេចចិត្តនិងដាក់ចេញនូវទស្សនវិស័យច្បាស់លាស់ របស់មេដឹកនាំកម្ពុជា ដែលកំពុងកាន់ចង្កូតនាវាយើងសព្វថ្ងៃនេះ។
លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា សន្តិភាព គឺពិតជារតនសម្បត្តិដ៏មានតម្លៃវិសេស វិសាលមិនត្រឹមតែចំពោះថ្នាក់ដឹកនាំ និងយុទ្ធជននាសម័យកាលមុនប៉ុណ្ណោះទេ។ តែវារិតតែមានតម្លៃសម្រាប់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយរបស់កម្ពុជា ថែមទៅទៀត។ ការរក្សាឱ្យបាននូវសុខសន្តិភាព គឺជាកាតព្វកិច្ច និងទំនួលខុស ត្រូវខ្ពស់បំផុតរបស់កូនខ្មែរគ្រប់រូបដើម្បីធានាថាអនាគតកម្ពុជានឹងមិនអនុញ្ញាតឱ្យ សោកនាដកម្មក្នុងអតីតកាលអាចមកយាយីគម្រាមកំហែងដល់សន្តិភាពដែល យើងមាននៅពេលនេះបានឡើយ ទោះជាក្នុងតម្លៃណាក៏ដោយ៕



