
ខេត្តក្រចេះ ÷ ប្រិយមិត្តជាទីរាប់អាន! បទល្មើសធនធានធម្មជាតិ គឺជាប្រធានបទមួយដ៏ក្តៅគគុកនិងចាស់គំរិលជាងគេនៅប្រទេសកម្ពុជា ដែលកើតមានឡើងនៅតាមបណ្តារខេត្តមួយចំនួនដែលជាប់និងព្រៃឡង់ បង្ករឡើងដោយក្រុមឈ្មួញល្បីៗ ចាស់វស្សាប្រចាំខេត្ត កំពុងបង្កភាពព្យុះភ្លៀងបានតាមទំនើងចិត្ត ដោយមានការបើកភ្លើងខៀវ និងត្រូវរ៉ូវគ្នាជាប្រព័ន្ធ ដុះស្នឹម ដុះស្លែ ដែលជាហេតុធ្វើឲ្យធនធានធម្មជាតិ ដែលជារបស់ជាតិ វិនាសហិនហោចស្ទើរតែទាំងស្រុងទៅហើយ ពិសេសគឺខេត្តក្រចេះតែម្តង។បើទោះបីជាប្រមុខថ្នាក់ដឹកនាំពិសេសសម្តេច អគ្គមហាសេនាបតី ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន លោកបានដាក់បទបញ្ជានិងឱសានវាទដ៏មុឹងម៉ាត់ដល់មន្ត្រីក្រោមឱវាទ ព្រមទាំងបានបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមានឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាប្រធាន កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិ កុំឲ្យកើតមានឡើងនៅក្នុងប្រទេស។ប៉ុន្តែប្រជាពលរដ្ឋទូទាំងប្រទេសសង្កេតឃើញថា ក្នុងខេត្តក្រចេះ បទល្មើសធនធានធម្មជាតិ នៅតែបន្តកើតមានយ៉ាងគំហ៊ុក ដោយពុំទាន់ឃើញមានការអនុវត្ត ទប់ស្កាត់ និងបង្ក្រាបពីសំណាក់អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធនៅតាមដងផ្លូវ ដែលបានដាក់ស្នាក់ការចាំយាមនៅតាមគោលដៅរបស់ខ្លួនគ្រប់គ្រងនៅឡើយទេ ពោលមានតែបើកដៃ បើកភ្លើងខៀវ ផ្ទុយនិងបទបញ្ជានិងប្រសាសន៍របស់រាជរដ្ឋាភិបាលទៅវិញ។ជាក់ស្តែងកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ថ្មីៗនេះ មានរថយន្តសាំងយ៉ុងចំនួន០១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ក្រចេះ 2A-0282 ផ្ទុកពេញដោយឈើបានផ្ទុះកង់ក្រឡាប់ផ្កាប់ផ្ងារ នៅចំណុចភូមិសម្បទានកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ម៉ោងប្រមាណជា០២រំលងអាធ្រាត ធ្លាយពោះចេញសុទ្ធតែឈើដែលគេស្គាល់ថាជារថយន្តដឹកឈើរបស់ ជុំ វុទ្ធី ហៅធីកាប៉ូ ដែលធ្វើការចរាចរដឹកចេញពីស្រុកអូរគ្រៀងសែនជ័យ ដើម្បីយកទៅលក់ចែកចាយតាមដេប៉ូនានានៅតាមបណ្តាខេត្ត ចៃដន្យអកុសលផលមិនជួយ បែបទំនងជាត្រូវបណ្តាសារព្រៃឈើផងនោះ ក៏បានបែកកង់នៅចំណុចទីតាំងខាងលើតែម្តង។ប្រភពបន្តថាឈើនិងរថយន្តដែលក្រឡាប់នៅទីតាំងខាងលើ ត្រូវបានលោក ជុំ វុទ្ធី បញ្ជារឲ្យកូនចៅអូសយកទៅទុកនៅផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ លុះព្រឹកឡើង លោក ជុំ វុទ្ធីបានជិះរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ 2AM-2790 មកដល់រួចហៅរុឺម៉កបម្រុងជម្លៀសឈើចេញពីទីនោះ តែផលបុណ្យមិនជូនស្រាប់តែក្រុមការងារដឹកនាំដោយលោក តាន់ គីម សួរ ប្រធានសមាគមយុវជនស្រលាញ់ធនធានធម្មជាតិបានមកដល់ទីតាំងខាងលើ ស្រាប់តែលោក ជុំ វុទ្ធី និងបក្សពួកបោលចូលរថយន្តប្រាសយករួចខ្លួនបាត់ស្រមោលឈឹង ដូចចោរលួចសេះ។បន្ទាប់មកជំនាញរដ្ឋបាលព្រៃឈើសហការជាមួយអធិការស្រុក និងកម្លាំងប៉ុស្តិ៍បានប្រមូលរាល់វត្ថុតាង ឈើសរុបប្រមាណ០៤ម៉ែត្រត្រីគុណ យកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើ សួនអាពាហ៍ពិពាហ៍ និងរថយន្តម៉ាកសាំងយ៉ុង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចិត្របុរីដើម្បីកសាងសុំណុំរឿងចាត់ការតាមនិតិវិធីច្បាប់។គួររំលឹកផងដែរ នេះមិនមែនជាករណីទីមួយនោះទេ ដែលលោក ជុំ វុទ្ធី បុគ្គលល្បីឈ្មោះខាងបំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងខេត្តក្រចេះរូបនេះ បានធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីភូមិរលួស ស្រែជិះស្រុកអូរគ្រៀងសែនជ័យ ដើម្បីយកទៅលក់ចែកចាយនៅតាមដេប៉ូនានា ពោលគឺរូងផ្លូវអស់ទៅហើយ ប៉ុន្តែពុំដែលមានសមត្ថកិច្ច មន្ត្រីជំនាញពាក់ព័ន្ធណាធ្វើការទប់ស្កាត់និងបង្ក្រាបម្តងណាឡើយ តើមកពីកត្តាអ្វីទៅទាន?តួរយ៉ាងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ កន្លងមក រថយន្តសាំងយ៉ុងពណ៍ស ពាក់ស្លាកលេខ 2A-0282 របស់លោក ជុំ វុទ្ធី តែងតែធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើបានយ៉ាងរំភើយ និងរលូនជាទីបំផុត មិនដែលមានក្រសួង ស្ថាប័ន មន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តក្រចេះពិសេសជំនាញរដ្ឋបាលព្រៃឈើ ដែលបានដាក់ស្នាក់ការចាំយាម ធ្វើការទប់ស្កាត់និងបង្ក្រាបទាល់តែសោះ រឺមួយដាក់ស្នាក់ការគ្រាន់តែចាំប្រមូលពន្ធដកតុងពីឈ្មួញឈើចាស់វស្សារូបនេះតែប៉ុណ្ណោះ។រហូតទាល់តែក្រឡាប់បាស់ជើងទៅមុខលែងរួច ធ្លាយពោះសុទ្ធតែឈើ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ទើបអស់លោកមកប្រមូលយកទៅរក្សាទុកដើម្បីចាត់ការតាមច្បាប់ ចុះប្រសិនបើមិនមានករណីនេះកើតឡើងមិនដឹងជាយ៉ាងណានោះទេ។ប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិទូទាំងប្រទេស ស្នើសុំទៅកាន់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះមេត្តាទាន ធ្វើការសើរើសំណុំរឿងបទល្មើសធនធានធម្មជាតិរបស់លោក ជុំ វុទ្ធី ហៅធីកាប៉ូ ដែលមានអាស័យដ្ឋាន ស្ថិតនៅភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះដើម្បីឈានដល់មានចំណាត់ការតាមផ្លូវច្បាប់ និងគោរពស្នើសុំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេត្តាទានចាត់កម្លាំងក្រោមឱវាទ ចុះស្រាវជ្រាវ ធ្វើអធិការកិច្ច ត្រួតពិនិត្យ លើបុគ្គលដែលល្បីខាងបំផ្លិចបំផ្លាញធនធានធម្មជាតិខាងលើនេះផងទាន ដើម្បីរក្សាសម្បត្តិធនធានធម្មជាតិដែលជារបស់រដ្ឋឱ្យបានស្ថិតស្ថេរគង្វង់យូរវង្វែង សូមអរគុណ៕





