ខេត្តក្រចេះ ÷ ប្រិយមិត្តជាទីរាប់អាន! ព្រៃឡង់នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ កំពុងតែទទួលរងនូវការកាប់បំផ្លិចបំផ្លាញយ៉ាងគំហ៊ុក ពីសំណាក់ក្រុមឈ្មួញក្រាក់ៗ ល្បីៗ អ្នកមានលុយមានអំណាច និងមានឥទ្ធិពល (លុយ) ព្រមទាំងមានការត្រូវរ៉ូវគ្នាជាប្រព័ន្ធ រវាងជំនាញដែលបានដាក់ស្នាក់ការចាំយាមនៅតំបន់នោះ ដែលបានបណ្តែតបណ្ដោយ និងបើកដៃឲ្យមានការកាប់ទន្ទ្រានព្រៃយកដីដែលជារបស់រដ្ឋ យកទៅធ្វើជាកម្មសិទ្ធិ និងលក់យកលុយធ្វើមានធ្វើបានតាមតែអំពើរចិត្តរៀងៗខ្លួនដោយមិនបានគោរពនិងញញើតច្បាប់បន្តិចសោះឡើយ។យោងតាមប្រភពពីសំណាក់ប្រជាពលរដ្ឋបានខ្សឹបប្រាប់អង្គភាពយើងថា ព្រៃឡង់នៅក្នុងភូមិសាស្ត្រខេត្តក្រចេះកាលពីមុន គឺមានភាពស្រស់បំព្រងខៀវខ្ចី គួរឲ្យគយគន់ សត្វព្រៃទាំងឡាយសំបូរសប្បាយក្នុងការរស់នៅ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រៃឡង់បានក្លាយទៅជាវាលឡង់ ព្រៃកៅស៊ូ និងស្វាយចន្ទី ស្ទើតែទាំងស្រុងអស់ទៅហើយ ដោយសារតែក្រោមឥទ្ធិពល របស់អ្នកមានលុយ មានអំណាច ព្រមទាំងមានការត្រូវរ៉ូវគ្នាជាប្រព័ន្ធ ទើបព្រៃឡង់ដែលជារបស់ជាតិ ត្រូវបានវិនាសហិនហោចបែបនេះ។មិនតែប៉ុណ្ណោះ នាពេលបច្ចុប្បន្នគេសង្កេតឃើញថា បន្ទាប់ពីមានការកាប់ទន្ទ្រានរានយកដី រាប់រយហិចតា ក្នុងនោះក៏មានការបង្កើតជាថ្នាលបណ្តុះកូនកៅស៊ូ និងស្វាយចន្ទី រាប់មុឺនដើម ដែលគេស្គាល់ថា ជារបស់លោក គ្រី វុត្ថា ត្រង់ចំណុចអូរទឹកក្រហម ត្រង់យាមការលេខ (48P 577745 1411567) ដែលមានកម្មករមើលថែជាច្រើនអ្នក បម្រុងត្រៀមយកទៅដាំលើដីដែលបានធ្វើការកាប់ដុតទន្ទ្រានរួចរាល់រាប់រយហិកតាត្រង់ចំណុចយាមការលេខ(48P 574137 1415766) ចំណុចសរសរប្រាំបីជ្រុង ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ។ប្រភពដដែលបន្តថា ចំពោះប្រជាពលរដ្ឋក្រីក្រ មិនអាចធ្វើបាននោះទេ ចាប់គ្មានលើកលែងឡើយ បើត្រង់គេជាអ្នកមានលុយវិញ មិនត្រឹមតែមិនមានវិធានការណ៍ទប់ស្កាត់នោះទេ ថែមទាំងជួយមើលផ្លូវថែមទៀតផង ។ជុំករណីខាងលើនេះក្រុមការងារមិនអាចទំនាក់ទំនងសុំការបកស្រាយបំភ្លឺពីលោក សាំង សាខន នាយដែនជម្រកសត្វព្រៃព្រៃឡង់ ខេត្តក្រចេះ ស្នាក់ការគម្ពោតគយបានទេ ដោយពុំមានលេខទូរស័ព្ទ។មហាជនទូទាំងប្រទេសបានចោទជាសំណួរសួរចំៗ ទៅលោក សាំង សាខន នាយដែនជម្រកសត្វព្រៃព្រៃឡង់ខេត្តក្រចេះ ស្នាក់ការគម្ពោតគយ – តើលោកបង្កើតស្នាក់ការដើម្បីអ្វីទៅទាន? – តើដាក់ស្នាក់ការដើម្បីការពារព្រៃ រឺមួយដាក់ស្នាក់ការដើម្បីឲ្យគេកាប់ព្រៃ យកដី?- ចំពោះការកាប់ព្រៃទន្ទ្រានយកដី និងការបង្កើតថ្នាលបណ្តុះកូនកៅស៊ូ របស់លោក គ្រី វុត្ថា ត្រង់ចំណុចទីតាំងខាងលើ តើលោកបានដឹងដែររឺទេ? បើសិនជាលោកមិនដឹង តើលោករវល់ធ្វើអ្វី? ម្យ៉ាងទៀតការកាប់ទន្ទ្រានព្រៃយកដីរបស់លោក គ្រី វុត្ថា ខាងលើនេះ មិនមែនធ្វើតែមួយថ្ងៃនោះទេ គឺរាប់សិបថ្ងៃឯណោះ? ជុំវិញករណីខាងលើនេះ មហាជនដែលស្រឡាញ់ធនធានធម្មជាតិទូទាំងប្រទេស ទទូចស្នើសុំទៅដល់មន្ត្រីជំនាញពាក់ព័ន្ធគ្រប់ស្ថាប័ន គ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងគោរពស្នើសុំដល់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាចាត់កម្លាំងក្រោមឱវាទចុះស្រាវជ្រាវ ធ្វើអធិការកិច្ច ត្រួតពិនិត្យ លើបុគ្គល គ្រី វុត្ថា និងអ្នកពាក់ព័ន្ធខាងលើនេះ ចាត់ការតាមផ្លូវច្បាប់ផងទាន! បើពុំដូច្នោះទេ ដីនិងព្រៃក្នុងដែនជម្រកដែលជាសម្បត្តិរបស់រដ្ឋ របស់ជាតិ នៅចំណុចទីតាំងខាងលើ ច្បាស់ជាវិនាសហិនហោចដោយសារតែបុគ្គលខាងលើនេះជាក់ជាពុំខានឡើយ សូមអរគុណ៕





