
ខេត្តក្រចេះ ÷ ប្រិយមិត្តជាទីរាប់អាន! សកម្មភាពការដឹកជញ្ជូនផលអនុផលព្រៃនៅតែបន្តកើតមានជាហូរហែមិនដាច់នៅក្នុងភូមិសាស្ត្រស្រុកសំបូរ ខេត្តក្រចេះ ដោយក្រុមឈ្មួញអ្នករកសុីផលអនុផលព្រៃឈើនៅតែអាចធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់បានយ៉ាងសេរី ដោយពុំមានការទប់ស្កាត់ពីសំណាក់មន្រ្តីជំនាញពាក់ព័ន្ធដែលបានដាក់ស្នាក់ការចាំយាមនៅតាមដងផ្លូវនោះសោះឡើយ ។ជាក់ស្តែងកាលពីថ្ងៃទី០៨ និងទី១៣ ខែកក្កដា ឆ្នាំ២០២៥ នេះ គេសង្កេតឃើញថា រុឺម៉កសណ្តោងម៉ូតូដឹកឈើរបស់ឈ្មួញឈ្មោះ ហេង និងឈ្មោះ ណុយ បាននឹងកំពុងធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ទាំងកណ្តាលថ្ងៃត្រង់ចេញពីចំណុចភូមិរមួល ឃុំកំពង់ចាម ស្រុកសំបូរ បន្តយកទៅចែកចាយបន្តនៅតាមដេប៉ូនានាដោយឆ្លងកាត់ស្នាក់ការប៉េអឹម នៅចំណុចបារាយ កាត់ស្នាក់ការរដ្ឋបាលព្រៃឈើយាវ ដោយគ្មានទើសភ្នែកសមត្ថកិច្ចណាសោះ ដែលជាហេតុធ្វើឲ្យមហាជនដែលស្រលាញ់ធនធានធម្មជាតិ ហាក់អស់ជំនឿទៅលើសមត្ថកិច្ចដែលបានដាក់ស្នាក់ចាំយាមទាំងនោះ មិនដឹងថាដាក់ស្នាក់ការការពារព្រៃឈើ រឺដាក់ស្នាក់ការដេកចាំប្រមូលពន្ធដកតុងពីអ្នករកស៊ីបទល្មើសធនធានធម្មជាតិរឺមួយយ៉ាងណានោះទេ?។ប្រភពមួយ ល័ក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះ បានបង្ហើបថា នេះមិនមែនជាលើកទីទី០១នោះទេ ហើយក៏មិនមែនជាលើកទី១០ នោះដែរ ដែលបុគ្គល២រូប ឈ្មោះ ហេង និង ណុយ នេះបានធ្វើសកម្មភាពដឹកជញ្ជូនផលព្រៃឈើរាប់ឆ្នាំមកហើយ មិនដឹងថាមានឥទ្ធិពល និងចេះមន្តគាថាមហាលោតផ្លោះអ្វីទេ ដែលអាចបំបាំងខ្លួនពីសំណាក់ជំនាញបាន សង្ស័យចេះសេកមន្តទេវប្រាក់ទេដឹងហ្ន៎ បើដឹកគ្រែលដែរ ២-៣ម៉ែតគីបដែរ ឆ្ងល់ហេតុអ្វីជំនាញមិនបង្ក្រាប ចុះបើម៉ូតូដឹកកូនក្រឡឹង២-៣ដុំវិញ ដេកចទៅ ឱ្យតែវិលកង់ដឹងតែមកដល់។ទោះជាយ៉ាងនេះក្តីមហាជនដែលស្រលាញ់ធនធានធម្មជាតិទូទាំងប្រទេស ទទូចស្នើសុំដល់សមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធ គ្រប់ស្ថាប័ន គ្រប់លំដាប់ថ្នាក់ ក្នុងខេត្តក្រចេះ មេត្តាទានល្មមមានវិធានការទប់ស្កាត់រាល់សកម្មភាពការដឹកជញ្ជូនផលអនុផលព្រៃឈើ របស់ឈ្មួញជើងខ្លាំងទាំងពីររូបខាងលើផងទាន! សូមអរគុណ។








