
ខេត្តកំពង់ស្ពឺ ÷ ប្រិយមិត្តជាទីរាប់អាន! ឧក្រិដ្ឋកម្មព្រៃឈើកំពុងតែបន្តកើតមានយ៉ាងសស្រាក់សស្រាំ ជាដដែលៗ នៅក្នុងមូលដ្ឋាន ខេត្តកំពង់ស្ពឺ និងបន្តដឹកជញ្ជូនបានយ៉ាងរំភើយ ដោយគ្មានការរំខានដល់មន្ត្រីជំនាញពាក់ព័ន្ធនោះទេ។ហើយអ្វីដែលកាន់តែហួសចិត្ត នឹងចម្លែកបំផុត នាពេលថ្មីៗនេះ គឺសមត្ថកិច្ចស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ បាននាំគ្នាខ្វារកមកចាប់ខ្លួនអ្នកកាសែត ដែលកំពុងតែដេកឃ្លាំមើលពួកឃាតករ ដែលកំពុងតែកាប់សម្លាប់ព្រៃឈើនិងដឹកជញ្ជូនចេញពីតំបន់ភ្នំឪរ៉ាល់ រីឯក្រុមឧក្រិដ្ឋកម្ម ដែលកាប់ឈើទាំងអស់នោះ បែរជាសមត្ថកិច្ចមិនបានចាប់ខ្លួននោះឡើយ។យ៉ាងណាករណីចាប់ខ្លួន អ្នកកាសែត២នាក់ខាងលើ ធ្វើឲ្យអ្នកសារព័ត៌មានទូទាំងប្រទេសកម្ពុជា ផ្ទុះការរិៈគន់សម្ដែងការសោកស្ដាយរន្ធត់ចិត្ត និងខកចិត្តជាខ្លាំង ទៅលើសមត្ថកិច្ចស្រុកឱរ៉ាល់ «ដោយថាអ្នកកាសែតគ្រាន់តែចុះយកព័ត៌មាន ចាំប្រមាញ់បទល្មើសព្រៃឈើសោះហ្នឹង បែរជាក្លាយជាឆ្អឹងទទឹងករបស់គេ» «រហូតត្រូវចាប់ខ្លួនទាំងដែលកំពុងសំរាកពេលយប់និងពុំបានដាក់បារ៉ាស់ស្ទាក់ឃាត់បទល្មើសព្រៃឈើដើម្បីជំរិតយកលុយនោះឡើយ ម្យ៉ាងវិញទៀត អ្នកកាសែតខាងលើ ក៏ពុំបានបើករថយន្ត ដេញចាប់បទល្មើសព្រៃឈើ ដើម្បីជំរិតទារលុយអ្វីដែរ»។សូមបញ្ជាក់ដែរថា៖ កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ មានអ្នកកាសែត២នាក់ ១.ឈ្មោះ វ៉េត ម៉ាប់ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិព្រៃឈៀង ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មុខរបរជាអ្នកសារព័ត៌មានបាសិទ្ធធីវី មានទីតាំងនៅភូមិអន្ទង់ក្រវៀន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។២.ឈ្មោះ សឿន សំណាង ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិក្រសាំង ឃុំឆែបបួយ ស្រុកឆែប ខេត្តព្រះវិហារ មុខរបរជាអ្នកសារព័ត៌មានអង្គភាពស្លឹករឹត មានទីតាំងនៅរាជធានីភ្នំពេញ។ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកឪរ៉ាល់ធ្វើការចាប់ខ្លួន ដោយចោទថា ពួកគេបានដាក់កុងត្រូលជជុះទារលុយពីអ្នករកស៊ីដឹកឈើ អុស ធ្យូងចេញពីភូមិសាស្ត្រស្រុកឱរ៉ាល់។បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនអ្នកកាសែតទាំងពីរនាក់នោះ ទៅកាន់តុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕













