
(ខេត្តកំពង់ធំ)៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុង១ខ្សែ ប្រវែង៨៣៦ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាសបេតុង០,១៥ម៉ែត្រ ស្ថិតនៅភូមិក្តីតាចិន ឃុំទ្រៀល ស្រុកតាំងគោក និងផ្លូវក្រាលគ្រួសក្រហមប្រវែង២៥០០ម៉ែត្រ លូចំនួន ២កន្លែង ស្លាកសញ្ញា១ផ្ទាំង ពីភូមិរំចេកដល់ភូមិស្វាយម្សៅ ស្ថិតឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។នាឱកាសនោះដែរលោក ហាក់ ម៉ុងហួត បានឱ្យដឹងថា ផ្លូវបេតុងនេះពិតជាមានសារៈសំខាន់ សម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំទ្រៀល ក៏ដូចជាប្រជាពលរដ្ឋ ទូទាំងស្រុកតាំងគោកផងដែរ ព្រោះនៅពេលផ្លូវបេតុងនេះពេលសាងសង់រួច និងជួយសម្រួលដល់ការធ្វើដំណើរទៅវិញទៅមក ពិសេសមានភាពងាយស្រួលក្នុងការដឹកកសិផល របស់ប្រជាពលរដ្ឋនៅទូទាំងឃុំទៅកាន់ទីផ្សារ។លោក ហាក់ ម៉ុងហួត ក៏បានបញ្ជាក់ផងដែរ ផ្លូវនេះជាមូលនិធិឃុំ ដែលរាជរដ្ឋាភិបាលទំលាក់ថវិកា សម្រាប់អភិវឌ្ឍន៍ឃុំតាមតម្រូវការ។លោកអភិបាលស្រុក ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយ ដែលរដ្ឋបាលឃុំសម្រេចបាន ដែលកើតចេញពីការរួបរួមសាមគ្គីគ្នា រវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ ពិសេសការចូលរួម និងសហការបានល្អរបស់ប្រជាពលរដ្ឋទាំងអស់។បន្ថែមពីនេះលោកអភិបាលស្រុក បានជំរុញឱ្យក្រុមហ៊ុន ដែលទទួលការសាងសង់ត្រូវធានាឱ្យបានតាមបទដ្ឋានបច្ចេកទេស ដើម្បីផ្លូវមានគុណភាព និងប្រើប្រាស់បានយូរអង្វែង ត្រូវបញ្ចប់ការសាងសង់តាមផែនការកំណត់ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ត្រូវដើរតួនាទីជាអ្នកត្រួតពិនិត្យគុណភាពផ្លូវឱ្យបានហ្មត់ចត់បំផុត។ជាមួយគ្នានេះដែរ លោក ហាក់ ម៉ុងហួត ក៏បានជំរុញឱ្យប្រជាពលរដ្ឋរួបរួមសាមគ្គីគ្នា និងលេីកទឹកចិត្តដល់កងទ័ពជួរ មុខ ដែលកំពុងប្រឈមមុខជាមួយនឹងការឈ្លានពានទឹកដីពី ប្រទេសថៃ។លោកក៏បានក្រេីនរំលឹក និងលេីកទឹកចិត្តដល់អាជ្ញាធរភូមិ/ឃុំ ត្រូវតែសកម្មក្នុងការចុះសួរសុខទុក្ខ ជន ភៀសសឹក និងពលករចំណាកស្រុកមកពីប្រទេសថៃផងដែរ៕ អត្ថបទរដ្ឋបាលស្រុកតាំងគោក-ពិនិត្យដោយអ៊ុមញឹប។












