
ខេត្តក្រចេះ ÷ ប្រិយមិត្តជាទីរាប់អាន យុទ្ធសាស្ត្រ “កន្ទេលធំបន្លំដេក” នៅតែជាយ័ន្តការពារដ៏មានប្រសិទ្ធភាព និងជាយុទ្ធសិល្ប៍ដ៏ពូកែសាកសិទ្ធសម្រាប់ជនខិលខូច ដែលពាក់ស្បែកហង្ស ដើម្បីយកមកបន្លំភ្នែកថ្នាក់ដឹកនាំ និងមហាជន ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្សពួក ហ៊ានប្រព្រឹត្តអំពើទុច្ចរិតហួសដែនសមត្ថកិច្ចខ្លួន ។យោងតាមលិខិតបញ្ជាក់១ច្បាប់ ចុះថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០១៩ របស់លោក ឈឺន រិទ្ធិ ចៅសង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ បានអនុញ្ញាតិឲ្យឈ្មោះ ស៊ាន ថាវី ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដឹកឈើគ្រឿង+ក្តារ+សសរ សរុបចំនួន ១០ម៉ែតគីប ចេញពីភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីយកមកជួសជុលផ្ទះនៅទីតាំងខាងលើ ដោយឈ្មោះ ស៊ាន ថាវី ខាងលើបានឲ្យឈ្មួញឈើដែលល្បីប្រចាំភូមិកន្ទួតជាង១០ឆ្នាំ ឈ្មោះម្នាក់ អ៊ុន ដា ជាអ្នកដឹកជញ្ជូនឈើដោយគ្មានលិខិតស្នាមពីរដ្ឋបាលព្រៃឈើ ពោលដឹកឈើគ្មានច្បាប់យកមកលក់យ៉ាងអនាធិបតេយ្យជាទីបំផុត។គួរបញ្ជាក់ផងដែរថាទីតាំងផ្ទះឈ្មោះ ស៊ាន ថាវី ដែលត្រូវលោក ឈឺន រិទ្ធិ ចៅសង្កាត់អូរឬស្សី បានចេញលិខិតអនុញ្ញាតឲ្យដឹកឈើដើម្បីយកមកជួសជុលផ្ទះតាំងពីឆ្នាំ២០១៩ រហូតមកទល់ពេលបច្ចុប្បន្ននេះមានរយៈពេល ០៧ឆ្នាំមកហើយនៅពុំទាន់ជួសជុលរួចនោះទេ គិតត្រឹមថ្ងៃទ០៤ ខែមករា ឆ្នាំ២០២៦នេះ ហើយនៅទីតាំងខាងលើក៏ពុំមានឈើគ្រឿង+សរស អ្វីនោះដែរ។មហាជននិងប្រជាពលរដ្ឋ បានលើកជាសំណួរថា ១-តើមេឃុំរឺចៅសង្កាត់ មានសិទ្ធិចេញលិខិតអនុញ្ញាតឲ្យដឹកឈើបានដែររឺទេ?២- រយៈជាង ០៧ឆ្នាំហើយហេតុអ្វីបានជាផ្ទះឈ្មោះ ស៊ាន ថាវី ជួសជុលមិនទាន់ហើយ តើផ្ទះស្ត្រីរូបនេះមានទំហំប៉ុន្មានម៉ែត្រការ៉េទៅ ចុះឈើដែលដឹកមកដោយលោក អ៊ុន ដា ដែលគេស្គាល់ថាជាឈ្មួញឈើយ៉ាងសកម្មយកទៅទុកឯណា? ដោយកន្លងមកឈ្មួញឈើឈ្មោះអ៊ុន ដា រូបនេះតែងតែធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃកែវសីមា ចំណុចភូមិរាប ស្រុកកែវសីមា ខេត្តមណ្ឌលគិរី យកមកលក់ចែកចាយនៅខេត្តក្រចេះជារៀងរាល់ថ្ងៃនោះ។យោងតាមការបញ្ជាក់ពីរដ្ឋបាលព្រៃឈើថ្នាក់ជាតិម្នាក់លក្ខខណ្ឌសូមមិនបញ្ចេញឈ្មោះ បានប្រាប់ថា មិនថាមេឃុំរឺចៅសង្កាត់ ស្រុក រឺក៏ខេត្ត គ្មានសិទ្ធិចេញលិខិតអនុញ្ញាតនិងឯកសារពាក់ព័ន្ធណាដើម្បីធ្វើការចរាចរដឹកជញ្ជូនផលអនុផលព្រៃឈើនោះឡើយ។ លោកបញ្ជាក់ថាទង្វើរបស់លោក ឈឺន រិទ្ធិ ចៅសង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ជាការរំលោភដែនសមត្ថកិច្ចយ៉ាងធ្ងន់ធ្ងរជាទីបំផុត។ប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិទូទាំងប្រទេស ស្នើសុំដល់ឯកឧត្តមអភិសន្តិ ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ គូរតែមានវិធានការក្តៅ ចាត់កម្លាំងក្រោមឱវាទចុះត្រួតពិនិត្យ ធ្វើអធិការកិច្ច ចំពោះលោក ឈឺន រិទ្ធិ និង រដ្ឋបាលព្រៃឈើ និងអ្នកដែលពាក់ព័ន្ធក្នុងខេត្តក្រចេះផងទាន! បើពុំដូច្នោះទេ សម្បត្តិធនធានធម្មជាតិច្បាស់ជាវិនាសសាបសូន្យជាក់ជាពុំខានឡើយ។










