
ខេត្តក្រចេះ ÷ ប្រិយមិត្តជាទីរាប់អាន! ពិតជាហួសចិត្តឥតឧបមារកអ្វីថ្លាថ្លែងពុំបានឡើយ ពាក់ព័ន្ធទៅនឹងបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តក្រចេះនេះ ហាក់ពុំមានការថមថយបន្តិចសោះឡើយ បើទោះបីជាមានបទបញ្ជាដ៏មុឺងម៉ាត់ពីប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា ដែលលោកបានយកចិត្តទុកដាក់ ខិតខំការពារថែរក្សា មិនខ្លាចនឿយហត់យ៉ាងណាក៏ដោយ។ ក៏គេសង្កេតឃើញថានៅចុងឆ្នាំ២០២៥កន្លងទៅនេះ ខេត្តក្រចេះនៅតែលេចធ្លោជាងគេ ពាក់ព័ន្ធទៅនឹងបទល្មើសធនធានធម្មជាតិ ដែលបង្កឡើងពីក្រុមឈ្មួញ ដោយមានការគប់គិតគ្នាជាប្រព័ន្ធ បំផ្លិចបំផ្លាញធនធានធម្មជាតិដែលជារបស់ជាតិរបស់រដ្ឋ ធ្វើយ៉ាងណាឱ្យតែខ្លួនមានខ្លួនបាន ចង់រលាយអីរលាយទៅ។ជាក់ស្ដែងកាលពីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ និងយប់ថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៦ សកម្មភាពរថយន្តសាំយ៉ុងដឹកជញ្ជូនផលអនុផលព្រៃឈើ ដែលគេស្គាល់ថាជារបស់ឈ្មួញដុះស្នឹមប្រចាំភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ឈ្មោះលោក អ៊ុន ដា បានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីដែនជំរកសត្វព្រៃភ្នំព្រិចកែវសីមា ត្រង់ចំណុចភូមិព្រាប ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាត់តាមភូមិ១០៥ ស្រុកចិត្របុរី ឆ្ពោះមកលក់ចែកចាយនៅភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ស្ទើរតែជារៀងរាល់ថ្ងៃ ដោយឆ្លងកាត់ស្នាក់ការចាំយាមជាច្រើន ពិសេសស្នាក់ការរដ្ឋបាលព្រៃឈើ សង្កាត់កន្ទួត ដោយសកម្មភាពការដឹកជញ្ជូនផលអនុផលព្រៃឈើ របស់ឈ្មួញឈ្មោះ អ៊ុន ដា ហាក់ពុំមានការរំខានពីសមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកចិត្របុរី និងខេត្តក្រចេះនោះឡើយ។គួររំលឹកផងដែរថា កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ រថយន្តដឹកឈើរបស់ឈ្មួញឈើប្រចាំស្រុកចិត្របុរី លោក អ៊ុន ដា រូបនេះត្រូវបានក្រុមការងារប្រទះឃើញជាប់ផុងនៅមុខស្នាក់ការរដ្ឋបាលព្រៃឈើសង្កាត់កន្ទួត ក៏បានរាយការណ៍ទៅជំនាញ ក៏បានចាប់ឃាត់យកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើក្រចេះ ថ្នាលបណ្តុះកូនឈើ ព្យា មួយគ្រឿងមកហើយ ប៉ុន្តែឈ្មួញឈើជើងខ្លាំងរូបនេះនៅតែអាចបន្តសកម្មភាពដឹកជញ្ជូនឈើបានយ៉ាងរលូននិងផ្គើនដដែលរហូតមកទល់ពេលបច្ចុប្បន្ននេះ។មួយអន្លើកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ កម្លាំងជំនាញថ្នាក់ជាតិ ក្រោមការសម្របសម្រួលពីប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាឲ្យស្ថាប័នជាតិ រួមមាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចុះធ្វើអធិការកិច្ចស្រាវជ្រាវ ដល់សមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធគ្រប់ស្ថាប័ន និងឈ្មួញឈើក្រាក់នៅក្នុងខេត្តក្រចេះ ដោយយោងតាមការបង្ហោះវីដេអូនៅលើផេកផ្លូវការរបស់លោក តាន់ គីមសួរ ប្រធានសមាគមយុវជនស្រឡាញ់ធនធានធម្មជាតិ បានធ្វើការរាយការណ៍ទៅសមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តក្រចេះ ដើម្បីធ្វើការឃាត់និងទប់ស្កាត់ការដឹកជញ្ជូនផលអនុផលផលព្រៃឈើ មួយករណីនៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ។ប្រជាពលរដ្ឋដែលស្រលាញ់អស់សង្ឃឹមទៅនឹងសមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសជំនាញរដ្ឋបាលព្រៃឈើ ដែលគ្មានឆន្ទៈក្នុងការទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសធនធានធម្មជាតិដែលកើតមានក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង ពោលគឺមានការបើកដៃនិងបណ្ដែតបណ្ដោយឲ្យមានការចរាចរណ៍ដឹកជញ្ជូនផលអនុផលព្រៃឈើយ៉ាងអនាធិបតេយ្យជាទីបំផុតបែបនេះ ប្រសិនបើគ្មានការបើកដៃនិងការគុបគិតគ្នាជាប្រព័ន្ធនោះទេ ម្ល៉ោះបទល្មើសធនធានធម្មជាតិក៏មិនអាចចរាចរណ៍ដឹកជញ្ជូនបានយ៉ាងសេរីបែបនេះដែរ។ វគ្គ១









