
ខេត្តមណ្ឌលគិរី ប្រិយមិត្តជាទីរាប់អាន !ដែនជម្រកសត្វព្រៃកែវសីមា ជាដែនដីដ៏សុខដុមរមនាសម្រាប់មនុស្ស និងសត្វព្រៃ ដែល មានផ្ទៃដីទំហំ ៣១៧.៤៥៦ហិកតា (យោងតាមអនុក្រឹត្យប្រព័ន្ធតំបន់ការពារធម្មជាតិ ឆ្នាំ២០២៣) មានទីតាំងស្ថិតនៅក្នុងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ភាគខាងកើតនៃប្រទេសកម្ពុជា។ បច្ចុប្បន្នដែនជម្រកសត្វព្រៃនេះបានប្រែក្លាយទៅជា ទីតាំងស្តុកនិងចែកចាយផលអនុផលព្រៃឈើយ៉ាងអនាធិបតេយ្យទៅវិញ ដោយពុំមានការទប់ស្កាត់ និងបង្ក្រាបពីមន្ត្រីជំនាញពាក់ព័ន្ធ ដែលបានដាក់ស្នាក់ការចាំយាមនៅតំបន់នោះឡើយ ផ្ទុយទៅវិញហាក់មានការបើកដៃ បណ្តែតបណ្ដោយ ឲ្យមានបទល្មើសក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រងយ៉ាងគឃ្លើន ភ្លេចគិតពីតួនាទីភារកិច្ចរបស់ខ្លួន។ជាក់ស្តែងនៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ ក្រុមការងារអ្នកសារព័ត៌មានបានប្រទះឃើញគំនរឈើឃ្មុំប្រភេទសុក្រំ មុខកាត់ ២០-៣០ បណ្តោយ២,២តឹក ប្រមាណជាង៥០ដុំ ត្រង់ចំណុចតាមការលេខ 48P653629 1389830 ភូមិព្រាបសណ្តាយ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលក្រុមឈ្មួញបានយកមកស្តុកទុកបម្រុងដឹកយកទៅចែកចាយតាមដេប៉ូនានា។ បន្ទាប់ពីប្រទះឃើញបែបនេះក្រុមការងារក៏បានធ្វើការរាយការណ៍ទៅមន្ត្រីជំនាញដើម្បីធ្វើការទប់ស្កាត់និងបង្ក្រាប ជាអកុសល រាយការណ៍តាំងពីម៉ោង ២.០០នាទីរសៀល រហូតដល់ម៉ោង៧.០០នាទីល្ងាច ក៏ពុំឃើញមានមន្ត្រីជំនាញពាក់ព័ន្ធណាអើតមុខចុះមកដល់ទីតាំងខាងលើនេះឡើយ ទង្វើនេះអាចសបញ្ជាក់បានថា សមត្ថកិច្ចមន្ត្រីជំនាញដែលមានតួនាទីភារកិច្ច ក្នុងកិច្ចការការពារធនធានធម្មជាតិ គ្មានឆន្នក្នុងទប់ស្កាត់និងបង្ក្រាបបទល្មើសក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រងនោះឡើយ ពោលហាក់មានការបើកដៃទាំងស្រុង និងមានការគប់គិតផ្សំគ្នា ដើម្បីបំផ្លិចបំផ្លាញសម្បតិ្តជាតិឯង ក្រោមឥទ្ធិពលទេវប្រាក់បាំងមុខ។គួរបញ្ជាក់ផងដែរថាចំណុចទីតាំងខាងលើនេះជាជង្រុក សំបុកស្តុក និងចែកចាយបទល្មើសធនធានធម្មជាតិ យ៉ាងអនាធិបតេយ្យជាទីបំផុត មានដូចជាឡដុតធ្យូង គំនរឈើសុក្រំ ក្តា ។ល។ គួររំលឹកផងដែរថា កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ក្នុងកិច្ចប្រជុំនៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឱ្យមន្ទីរបរិស្ថាន រាជធានី ខេត្តទាំងអស់ ធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងព្រៃឈើ ក្នុងភូមិសាស្ត្ររបស់ខ្លួន ជាពិសេសមិនអនុញ្ញាតឱ្យមានការប្រើប្រាស់ ផលអនុផលព្រៃឈើ កាប់ចេញពីតំបន់ការពារធម្មជាតិ ចូលរោងសិប្បកម្ម, រោងស្តុក និងឡដុតធ្យូងខុសច្បាប់ជាកំហិត។ទោះជាយ៉ាងណាប្រជាសហគមន៍ដែលស្រលាញ់ធនធានធម្មជាតិទូទាំងប្រទេស សង្ឃឹមថាសមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងមានឆន្ទះយ៉ាងពិតប្រាកដក្នុងការចូលរួមការពារថែរក្សា សម្បត្តិធនធានធម្មជាតិដែលជារបស់ជាតិ ឲ្យបានម៉ឺងម៉ាត់ តាមការណែនាំរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឲ្យបានម៉ត់ចត់ និងយកចិត្តទុកដាក់ជាទីបំផុត សូមអរគុណ។








