
ខេត្តក្រចេះ ÷ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ០៧ នៅចំណុចគីឡូលេខ៣៥០ ក្នុងឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ កំពុងប្រែក្លាយទៅជាស្ថានីយ៍ថ្លឹងលុយទាំងយប់ទាំងថ្ងៃ និងកំពុងតែរងការរិះគន់យ៉ាងចាស់ដៃពីក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់តូចធំ។ប្រភពជាច្រើនអះអាងថា មន្ត្រីប្រចាំការនៅទីនោះ បានប្រព្រឹត្តអំពើពុករលួយជាទម្លាប់ ដោយទាមទារប្រាក់ «ថ្លៃបាយទឹក ថ្លៃកាហ្វេ» ទាំងយប់ទាំងថ្ងៃ មិនគិតថា រថយន្តលើសទម្ងន់ ឬមិនលើសទម្ងន់ឡើយ។ ជញ្ជីងដែលគួរតែធ្វើតួនាទីត្រួតពិនិត្យតាមច្បាប់ បែរជាត្រូវគេហៅថា «ជញ្ជីងថ្លឹងលុយ» យ៉ាងអាស្រូវ។សកម្មភាពបែបនេះ មិនត្រឹមតែបង្កការខាតបង់សេដ្ឋកិច្ចដល់អ្នករកស៊ីសុចរិតទេ ប៉ុន្តែថែមទាំងបង្ខំឲ្យឈ្មួញមួយចំនួនជ្រើសរើសផ្លូវវាង ដើម្បីគេចពីការគាបសង្កត់ បណ្តាលឲ្យផ្លូវ និងស្ពានតាមតំបន់ផ្សេងៗ រងការខូចខាតជាបន្តបន្ទាប់។ នេះជាផលវិបាកផ្ទាល់នៃការអនុវត្តច្បាប់តាមចិត្ត និងប្រើអំណាចមិនត្រឹមត្រូវ។តាមច្បាប់ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត មានភារកិច្ចត្រួតពិនិត្យទម្ងន់យានយន្ត ដើម្បីការពារផ្លូវថ្នល់ និងសុវត្ថិភាពសាធារណៈ មិនមែនជាឧបករណ៍រកប្រាក់ផ្ទាល់ខ្លួនរបស់មន្ត្រីណាម្នាក់ឡើយ។ ការទាមទារប្រាក់ក្រៅប្រព័ន្ធ ពុំមានបង្កាន់ដៃ និងមិនអនុវត្តតាមនីតិវិធី គឺជាអំពើល្មើសច្បាប់ និងបំផ្លាញភាពជឿជាក់លើស្ថាប័នរដ្ឋយ៉ាងធ្ងន់ធ្ងរ។ដល់ពេលហើយដែលរដ្ឋាភិបាល ត្រូវដាក់មន្ត្រីជំនាញចុះសិក្សាស្រាវជ្រាវយ៉ាងស៊ីម្រៅ បោសសំអាត និងចាត់វិធានការដាច់ខាតចំពោះប្រធានស្ថានីយ៍ជញ្ជីង និងបក្ខពួក ដែលបានបំភ្លៃតួនាទីរដ្ឋ។ ប្រសិនបើនៅបណ្ដែតបណ្ដោយបន្តទៀត មិនត្រឹមតែធ្វើឲ្យពុករលួយរីករាលដាលទេ ប៉ុន្តែជាការបំពានលើឆន្ទៈប្រជាពលរដ្ឋ និងគោលការណ៍រដ្ឋធម្មនុញ្ញផងដែរ។ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋសំណូមពរដល់លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តក្រចេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងគោរពស្នើសុំដល់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មេត្តាចាត់កម្លាំងក្រោមឱវាទចុះធ្វើអធិការកិច្ច ត្រួតពិនិត្យ ចំពោះស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចទីតាំងខាងលើផងទាន សូមអរគុណ៕







