
ផ្សាយចេញពីក្រុងសំពៅពូន ២២.០៦.២០២៥
ខេត្តក្រចេះ ÷ រោងចក្រកែច្នៃស្វាយមួយកន្លែងពុំមានស្លាកយីហោ បានបង្ហូរទឹកស្អុយទឹកកខ្វក់ ចូលទៅក្នុងប្រឡាយ និងអូរ យ៉ាងអាណាធិបតេយ្យ ដោយពុំទាន់ឃើញមានចំណាត់ការពីសំណាក់អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានឡើយ ដែលទីតាំងរោងចក្រកែច្នៃស្វាយខាងលើនេះ ស្ថិតនៅបណ្ដោយផ្លូវជាតិលេខ ៧ ភូមិក្បាលត្រាច ឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះ។យោងតាមការបង្ហើបពីប្រជាពលរដ្ឋ បានរៀបរាប់ថា ជារៀងរាល់ថ្ងៃពួកគាត់ កំពុងតែរងនៅផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សុខភាព មិនថាមនុស្សឬសត្វនោះទេ ពិសេសមាន់ ទា គោ ក្របី ដោយរោងចក្រខាងលើនេះបានបង្ហូរទឹកស្អុយគគ្រុក ចូលទៅតាមប្រឡាយ អូរ នៅក្បែរមូលដ្ឋានរស់នៅរបស់គាត់ ។យោងតាមការលើកឡើងរបស់លោកមេឃុំ ស្រែចារ ក្រុមការងារបានខលតាមរយៈលេខ ០៩៧៦៤១៤២៤៣ ដើម្បីរាយការណ៍និងសុំការបំភ្លឺជុំវិញការបង្ហូរទឹកកខ្វក់ (ទឹកស្អុយ) ខាងលើ លោកបានមានប្រសាសន៍ថា ចំពោះករណីនេះលោកបានដឹងហើយ សុំឲ្យក្រុមការងារទាក់ទងទៅប្រធានមន្ទីរបរិស្ថានខេត្តក្រចេះចុះ។ដោយឡែកលោក គា ប៊ូ ប្រធានមន្ទីរបរិស្ថានខែក្រចេះ ក្រុមការងារមិនអាចទំនាក់ទំនងបានទេដោយពុំមានលេខទូរសព្ទ។ជុំវិញករណីខាងលើនេះប្រជាពលរដ្ឋស្នើសុំដល់អាជ្ញាធរ សមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធ ក្នុងស្រុកស្នួល ពិសេសលោក គា ប៊ូ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ មេត្តាទានមានវិធានការចាត់កម្លាំងត្រឹមឱវាទ ចុះត្រួតពិនិត្យនឹងធ្វើការទប់ស្កាត់ រាល់សកម្មភាពការបង្ហូរទឹកស្អុយចូលក្នុងប្រឡាយក្នុងអូរ របស់រោងចក្រ នៅចំណុចទីតាំងខាងលើនេះផងទាន ។








