
ខេត្តក្រចេះ ÷ ប្រិយមិត្តជាទីរាប់អាន! បាបកម្មមានពិត មិនរង់ចាំជាតិក្រោយនោះទេ! អ្នកណាធ្វើអ្នកនោះទទួល នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ តាមការណែនាំ និងចង្អុរបង្ហាញដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយលោក ជិន ថាវរ៉ូ ប្រធាននាយកដ្ឋានអធិការកិច្ចនិងអនុវត្តច្បាប់ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីឧទ្យានុរៈ ចុះល្បាតនៅចំណុចសំខាន់ៗ ដូចជា ចំណុចពន្លឺពេជ្រ អូរទឹកក្រហម ទូរសេក សសរប្រាំបីជ្រុង ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តក្រចេះ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីឧទ្យានុរៈ និងចងក្រងសំណុំរឿងពាក់ព័ន្ធបទល្មើសធនធានធម្មជាតិ ដែលក្រុមឈ្មួញ បាននឹងកំពុង ធ្វើការកាប់គាស់រុករានទន្ទ្រានយកដីរដ្ឋ យកមកធ្វើជាកម្មសិទ្ធិ។គួរបញ្ជាក់ផងដែរថា ដីព្រៃដែលជារបស់រដ្ឋនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តក្រចេះ នៅចំណុចទីតាំងខាងលើនេះ ត្រូវបានក្រុមឈ្មួញអ្នកមានលុយមានអំណាច បានធ្វើការហ៊ុំព័ទ្ធ និងដាំកូនកៅស៊ូពេញផ្ទៃដី រាប់ពាន់ហិចតា ដោយពុំមានការទប់ស្កាត់ ពីសំណាក់ជំនាញបរិស្ថានដែលប្រចាំការនៅតំបន់នោះទេ ដោយមតិមហាជនភាគច្រើនបានខ្សឹបខ្សៀវគ្នាថា សង្ស័យមានការត្រូវរ៉ូវគ្នាជាប្រព័ន្ធ រវាងជំនាញបរិស្ថាន និងក្រុមឈ្មួញ ទើបបានជាដីព្រៃដែលជារបស់រដ្ឋនោះត្រូវបានរងនូវការកាប់ទន្ទ្រាននិងដាំកូនកៅស៊ូយកធ្វើជាកម្មសិទ្ឋបានយ៉ាងអនាធិបតេយ្យបែបនេះ។ប្រជាពលរដ្ឋរង់ចាំអ៊ុតមើលថាតើ ក្រុមឈ្មួញតែបានកាត់ទន្ទ្រានរៀនយកដីរដ្ឋនិងដាំកូនកៅស៊ូយកធ្វើជាកម្មសិទ្ធិ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តក្រចេះ និងអ្នកដែលពាក់ព័ន្ធ អាចគេចផុតពីសំណាញ់ច្បាប់បានដែរឬក៏យ៉ាងណា?ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋនិងមហាជនដែលស្រឡាញ់ធនធានធម្មជាតិទូទាំងប្រទេស ទទូចសំណូមពរហើយសំណូមពរទៀត ទៅដល់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា មេត្តាទាន ចាត់កម្លាំងក្រោមឱវាទ ធ្វើយ៉ាងណាស្រាវជ្រាវ វែកមុខ អ្នកដែលបានកាប់ទន្ទ្រានរានយកដីរដ្ឋក្នុងដែនជម្រកសត្វព្រៃនៅចំណុចទីតាំងខាងលើនេះ និងអ្នកដែលពាក់ព័ន្ធហ៊ានបណ្តែតបណ្ដោយ បើកដៃ ឱ្យក្រុមឈ្មួញ យកមកធ្វើជាកម្មសិទ្ធិ ចាត់ការតាមផ្លូវច្បាប់ជាធរមានផងទាន សូមអរគុណ៕








